​ប្រែ​សម្រួលៈ​បំណង​(ST)៖​ការផ្ទុះ​រោងចក្រ​ចម្រាញ់ប្រេង​មួយ​នៅ​នី​ហ្ស​រី​យ៉ា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៨០​នាក់ នេះ​បើ​តាម​ការបញ្ជាក់​ពីផ្នែក​សេវា​គ្រាអាសន្ន​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មេសា​។​

​ការផ្ទុះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សុក្រ​នៅ​ទីតាំង​ផលិត​ប្រេង​ខុសច្បាប់​មួយ​រវាង​រដ្ឋ​ផលិត​ប្រេង​រី​វើ​ស​( Rivers)​និង​អ៊ី​ម៉ូ (Imo)​ភាគខាងត្បូង​។​

​មន្ត្រី​នៅ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា «​យើង​បាន​រកឃើញ​សាកសព​មនុស្ស​យ៉ាង​តិច​៨០​នាក់​នៅ​កន្លែងកើតហេតុ ហើយ​ចំនួន​មនុស្ស​​ស្លាប់​អាច​កើនឡើង​។​យើង​ដឹក​ថា​សាកសព​ជាច្រើន​នៅក្នុង​រថយន្តក្រុង​ក្បែរ​នោះ និង​នៅក្នុង​ព្រៃ​..​.។​រថយន្ត​ឆេះ​ខ្លោច​ជាច្រើន​និង​ធុង​លួច​ដួស​ប្រេងដែល​លិច​ធ្លាយ​នៅ​រាយប៉ាយ​កន្លែងកើតហេតុ»​។​

​គ្រោះថ្នាក់​ផ្ទុះ​ឆេះ​ប្រេង​នេះ​ជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​មួយ​ក្នុងចំណោម​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក មនុស្ស​ជាង​១០០​នាក់ទៀត​បាន​រងរបួស​ក្នុង​ការផ្ទុះ​នេះ​។​

​សូមបញ្ជាក់​ថា ការ​ចម្រាញ់​ប្រេង​ខុសច្បាប់​កើតមាន​ជា​ទូទៅ​នៅ​តំបន់​សំបូ​ង​ប្រេង​ភាគខាងត្បូង​នី​ហ្សេ​រី​យ៉ា​ កន្លែង​ដែល​ពួកចោរ​លួច​ចោះ​បំពង់​បង្ហូរ​ប្រេង​ឆៅ​និង​យកទៅលក់​នៅ​ផ្សារងងឹត​សំរាប់​​ការ​ចម្រាញ់​ចេញជា​ប្រេង​សំរេច​។​

​ដោយ​មួយថ្ងៃ​ផលិត​ប្រេង​បាន​ប្រមាណ​២​លាន​បារ៉ែល នី​ហ្សេ​រី​យ៉ា​ជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ប្រចាំ​ទ្វីបអាហ្វ្រិក តែ​ប្រជាជន​រស់នៅ​ក្នុង​ភាពក្រីក្រ ៕

​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​រថយន្ត​និង​ក្នុងព្រៃ កន្លែង​ដែល​ពួក​ឈ្មួញ​លួចលាក់​ចម្រាញ់​ប្រេង​ខុសច្បាប់​