ដោយៈ​សុផល​/ភ្នំពេញ​៖​ក្រុមហ៊ុន​អចលនទ្រព្យ GC Property កាលពី​ចុង​សប្តាហ៍​នេះ បានប្រកាស​បើក​ដំណើរការ​សាកល្បង​ជាមួយ​ការិយាល័យ​ផ្លូវការ​របស់ខ្លួន​ដែល មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ​១៥ ផ្លូវ​២០៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជាមួយនឹង​ចក្ខុវិស័យ​ពង្រឹង លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ការប្រកាស​បើក​ដំណើរការ​សាកល្បង​នេះ មានការ​ចូលរួម​ពី​ពាណិជ្ជករ​វិស័យ​អចលនទ្រព្យ​ល្បីៗ ដូចជា​លោកស្រី ស៊ែ​រិ​ន លីវ (Sharens Liew) នាយក​ផ្នែក​យុទ្ធសាស្ត្រ​(Chief strategy officer) របស់ GC Property ,​លោក ហ្វី​លិ​ច្ស យ៉ុង (Felix Yong) Chief Growth officer របស់​GC property និងលោក Zeus Lam,ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ (CFO) នៃ​ក្រុមហ៊ុន GCC Golden Cambodia Century Group ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​សហការ ដែល​មកពី​ភ្នាក់ងារ អចលនទ្រព្យ​នានា រួម​និង​សមាជិក​ក្រុមការងារ GC និង​គ្រួសារ​GCC ជាច្រើន​ទៀត​។​

​លោកស្រី ស៊ែ​រិ​ន លីវ បាន​មានប្រសាសន៍ថា​៖ ការបើក​ដំណើរ​សាកល្បង​របស់​GC Property នាពេលនេះ គឺ​ស្របពេល ដែល​វិស័យ​អចលនទ្រព្យ ហាក​មាន​សន្ទុះ ប្រសើរ​ឡើងវិញ បន្ទាប់ពី​ជួប​ផលប៉ះពាល់​ខ្លះៗ ដោយសារ​ការឆ្លង​រាតត្បាត​ជំងឺ​សាកល​កូ​វីដ​១៩ ជិត​២​ឆ្នាំ​កន្លងមកនេះ ។ លោកស្រី​បាន​បន្តថា​៖ វត្តមាន​របស់ GC Property គឺ ជា​ការបើក​ទំព័រ​ថ្មី​មួយទៀត ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការទិញ​លក់ ផ្នែក​អចលនទ្រព្យ​ឱ្យ​កាន់តែ​សកម្មហើយ​វា​ក៏​ជាការ​ប្រសិទ្ធិ​ពរជ័យ​ដ៏​អស្ចារ្យ​បំផុត ក្នុងការ​ក្លាយជា​ផ្នែក​មួយនៃ​សរសៃឈាមរបស់​ក្រុមហ៊ុនមេ GCC សំរាប់​ទីផ្សារ​អចលនទ្រព្យនៅក្នុង​ប្រទេស​កម្ពុជា​។​

​បើតាម​លោកស្រី ស៊ែ​រិ​ន លីវ រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ពួកយើង​បាន​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​លើ​វិស័យ​អចលនទ្រព្យ​និង​បានធ្វើឱ្យ​យើង​ដឹងថា​វិបត្តិ​នានា​អាច​កើត មាន​គ្រប់ពេលវេលា ដោយ​មិន​គិតពី​ភេទ អាយុ ឋានៈ ឬ​សញ្ជាតិ​ឡើយ​។ ដូច្នេះ​ដំណោះស្រាយ​តែមួយគត់​ដើម្បី​យកឈ្នះ​លើ​រឿង​ទាំងអស់នេះ គឺត្រូវធ្វើ​ការ​ជាមួយគ្នា រីក លូតលាស់​ជាមួយគ្នា ដើម្បី​សម្រេចបាន​គោលដៅ​ដ៍​ល្អប្រសើរ​មួយ​ជាមួយគ្នា​។ នេះ​គឺជា​ចក្ខុវិស័យ និង​គុណ​តម្លៃ ដែល​មិនអាច​កាត់ថ្លៃ​បាន របស់ GC Property ក្នុងការ​ពង្រឹង​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់​យ៉ាងច្បាស់​ថា បើ​យើង​តែ​ម្នាក់ គឺ​យើង​មិនអាច​ក្លាយខ្លួន ឲ្យ​ធំជាងគេ​នោះទេ ផ្ទុយ​មកវិញ មានតែ​យើង​រួបរួមគ្នា​ប៉ុណ្ណោះ​ទើប​អាច​ធំជាងគេ ឈានមុខ​គេ ហើយ​ល្អ​ជាងគេ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។

​សូមបញ្ជាក់ថា GC Property គឺជា​ផ្នែក​មួយ​របស់ GCC​គ្រុប​មកពី​ហុងកុង ដែលមាន​វត្ត​មាននៅ​កម្ពុជា​អំឡុង​ឆ្នាំ​២០១៥​។ក្នុង​រយៈពេលជិត​៧​ឆ្នាំ​មក​នឹះ GCCទទួលបាន​ភាពជោគជ័យ​ជាច្រើន ជាមួយនឹង​អាជីវកម្ម លើ​ការអភិវឌ្ឍ​អចលនទ្រព្យ ហិរញ្ញវត្ថុ វេជ្ជសាស្ត្រ ការផ្តល់​សេវាកម្ម ម្ហូបអាហារ និង​ជាច្រើន​ផ្សេងទៀត​។ ក្រុមហ៊ុន​នេះ ប្តេជ្ញា​កសាង​សហគ្រិន​ឆ្នើម​ប្រចាំ​កម្ពុជា ជាមួយនឹង​ការផ្ដល់​ដល់​សហគមន៍​វិញ ដោយ​ក្តី​គោរព​ស្រលាញ់​ចេញពី​បេះដូង​៕​Ph