ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖​ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានបើកដំណើរការដែលមានទីតាំងស្ថិតនៅផ្ទះលេខ២២ ផ្លូវលេខ១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ។

ពិធីនេះមានការចូលរួមពីសំណាក់លោក អ៊ូ វណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោក​ ទូច​ វណ្ណ:​ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។

ក្នុងពិធីនោះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ តាមបណ្តារាជធានី ខេត្ត អង្គការ សមាគម និងក្រុមហ៊ុនឯកជន ជាដៃគូសហការ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ជាសមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រមាណចំនួន ៩១អង្គ/នាក់ ។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ១០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងកំពុងរៀបចំឯកសារចុះបញ្ជីស្នើសុំកិច្ចសហការពីក្រសួងព័ត៌មាន ។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងដោយក្រុមបញ្ញវន្ត និងជាអ្នក សារព័ត៌មាន ក្នុងគោលដៅចងក្រងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននានា ជាសម្ព័ន្ធ ដោយឈរលើមូលដ្ឋានឯករាជ្យ ពង្រឹងគុណភាព និងការផ្សព្វផ្សាយ រួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍប្រទេសជាតិឪ្យកាន់តែសម្បូររុងរឿង ក្រោមដំបូលនៃសន្តិភាពតែមួយ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានអង្គភាពសារព័ត៌មាន ចំនួន ២៣អង្គភាព ជាសមាជិក មានអង្គការ សមាគម ចំនួន ៨ និងក្រុមហ៊ុនឯកជន ចំនួន ៦ ជាដៃគូសហការ និងមានអ្នកសារព័ត៌មាន ជាច្រើននាក់ ជាសមាជិក ។

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទទួលស្វាគមន៍បណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចូលជាសមាជិកសមាគម៕សរន