ដោយៈ គង់ហេង/ កំពង់ចាមៈ លោក អ៊ុន ចាន់ដា ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាមបានថ្លែងថាៈ បើអ្នកចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងមកដល់ប្រមាណជាង៤០ ថ្ងៃទៀតនេះ ស្មើនឹងចំនួនអ្នកមកចូលរួមលេងបុណ្យចូលឆ្នាំថ្មី ដែលទើបបានកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គឺជាមហាជោគជ័យដ៏ធំធេង។

លោកសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានថ្លែងបែបនេះ នៅក្នុងឱកាសដែលលោក, លោក រិន វីរៈ ប្រធានក្រុមការងារយុវជនជនបង្គោល គណបក្សថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្តនេះ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាកម្ពុជា ស្រុកស្ទឹងត្រង់នាព្រឹកថ្ងៃទី ២៤ មេសានេះ។

លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានថ្លែងថាៈ ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ នេះសរុបចំនួនជាង ៦០ម៉ឺន នាក់ ក្នុងនោះមានសមាជិកគណបក្សប្រជាជនចំនួន ៤៦ម៉ឺន នាក់។ ប៉ុន្តែបើអ្នកទៅបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានជាង កន្លះលាន នាក់ស្មើនឹងចំនួនអ្នកមកចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង គឺជាមហាជោគជ័យរបស់យើង។

លោក អ៊ុន ចាន់ដា បានបន្ថែមថាៈ សូមសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានចូលរួមជាមួយអាជ្ញាធរ ក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំដែលទើបបានកន្លងផុតទៅនេះ។ ប៉ុន្តែសូមប្រមូលអារម្មណ៍មកវិញ ដើម្បីសម្រេចបាននូវភាពជោគជ័យ ដល់គណបក្សប្រជាជន ក្នុងការបោះឆ្នោតដែលនៅសល់ប្រហែល ប្រាំ សប្តាហ៍ទៀតប៉ុណ្ណោះ។

លោកបានបន្តថាៈ ត្រូវត្រៀមលក្ខណៈអំពីផែនការសម្មភាពឆ្ពោះទៅរកការបោះឆ្នោត ដូចជាផែនការសកម្មភាពជាក់ស្តែង ដោយធ្វើការផ្សព្វផ្សាយដូចអ្វីដែលបក្សខេត្តបានធ្លាប់បានណែនាំ ដល់បក្សក្រុង ស្រុកនីមួយៗ ដើម្បីបន្តផ្សព្វផ្សាយ ឈានដល់ការចងក្រង ជាសកម្មភាពជាក់ស្តែងឱ្យបានដល់បក្សភូមិ ក៏ដូចជាក្រុមបក្សប្រជាជនកម្ពុជាបន្តពង្រឹងការអនុវត្ត៕សរន