ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា អ្នកការទូតកំពូលនិងប្រមុខការពារជាតិរបស់សហរដ្ឋអាម៉េរិកបានស្ថិតនៅក្នុងទីក្រុងគៀវកាលពីថ្ងៃអាទិត្យទី២៤មេសា ដែលនេះជាដំណើរទស្សនកិច្ចកម្រិតខ្ពស់លើកដំបូងរបស់មន្ត្រីអាម៉េរិក ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួនកាលពីពីរខែមុនខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានជះស្រមោលគ្របដណ្តប់លើពិធីបុណ្យអ៊ីស្ទើអូស្សូដក់ (Orthodox Easter) ។
ដំណើររបស់រដ្ឋមន្ត្រីការបរទេសលោក អ៊ែនថូនី ប្លីងកិន និងរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន កើតឡើងនៅពេលដែលសង្គ្រាមឈានចូលដល់ខែទីបីដោយមានអ្នកស្លាប់រាប់ពាន់នាក់និងរាប់លាននាក់បានផ្លាស់ទីលំនៅ ហើយខណៈដែលទីក្រុងគៀវកំពុងស្វែងរកជំនួយសង្គ្រោះយ៉ាងអស់សង្ឃឹមសម្រាប់ប្រជាជនអ៊ុយក្រែនដែលជាប់នៅក្នុងទីក្រុងម៉ារីវប៉ូល ដែលខ្ទេចខ្ទាំ។
ទីប្រឹក្សាប្រធានាធិបតី លោក អូឡេកស៊ី អារ៉េស្តូវីច (Oleksiy Arestovych) បាននិយាយថា មេដឹកនាំអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបជាមួយមន្ត្រីអាម៉េរិកកាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកការពារទីក្រុងម៉ារីវប៉ូល “រកកល់ដួលរលំ” ហើយអ៊ុយក្រែនកំពុងត្រូវការអាវុធវាយលុកយ៉ាងខ្លាំងបំផុត។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ដរាបណាមិនមានអាវុធវាយលុក នោះនឹងមានទីក្រុងប៊ូចាថ្មីជារៀងរាល់ថ្ងៃ” ។ គាត់និយាយនេះគឺសំដៅលើទីក្រុងមួយ ដែលក្រុមមន្ត្រីអ.ស.បនិយាយថា ជនស៊ីវិលប្រហែល ៥០នាក់ត្រូវបានសម្លាប់ដោយខុសច្បាប់។
លោកអារ៉េស្តូវីចបានបន្ថែមអំពីបេសកជនអាម៉េរិកថា “ប្រហែលជាពួកគេអាចជួយបាន។ ពួកគេនឹងមិនមកទីនេះទេ ប្រសិនបើពួកគេមិនទាន់ត្រៀមខ្លួនផ្តល់អាវុធ”។
ខណៈដំណើរទស្សនកិច្ចនេះនៅមិនទាន់ត្រូវបានបញ្ជាក់ដោយទីក្រុងវ៉ាស៊ីនតោនហើយព័ត៌មានលម្អិតត្រូវបានរក្សាទុកជាការសម្ងាត់ លោកហ្សេលេនស្គីបានសរសេរលើ Twitter នៅយប់ថ្ងៃអាទិត្យថា “មិត្តភាពនិងភាពជាដៃគូរវាងអ៊ុយក្រែននិងសហរដ្ឋអាម៉េរិកគឺខ្លាំងជាងពេលណាៗទាំងអស់!”។
សហរដ្ឋអាម៉េរិកគឺជាអ្នកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុនិងសព្វាវុធឈានមុខគេដល់អ៊ុយក្រែននិងជាអ្នកគាំទ្រសំខាន់លើការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីប៉ុន្តែមិនបានបញ្ជូនមន្ត្រីកំពូលណាមួយទៅកាន់ទីក្រុងគៀវទេ ខណៈមេដឹកនាំអឺរ៉ុបមួយចំនួនបានធ្វើដំណើរទៅទីនោះដើម្បីបញ្ជាក់ពីការគាំទ្ររបស់ពួកគេ៕
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី