ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ និស្សិតសាកលវិទ្យាល័យស្រីលង្ការាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ម៉ាហ៊ីនដា រ៉ាចាប៉ាក់សា (Mahinda Rajapaksa) កាលពីថ្ងៃអាទិត្យទី២៤មេសាដើម្បីទាមទារឱ្យលោកលាលែងពីតំណែងជុំវិញវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់របស់ប្រទេសនេះ។
ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនខែ អតិផរណាខ្ពស់មិនធ្លាប់មាន កង្វះខាតស្បៀងអាហារនិងប្រេងឥន្ធនៈធ្ងន់ធ្ងរបានបង្កឱ្យមានការមិនសប្បាយចិត្តទូទៅនៅក្នុងប្រទេសស្រីលង្កាដែលកំពុងតែដោះស្រាយជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨។
ការតវ៉ាកាលពីថ្ងៃអាទិត្យបានឃើញពួកមេដឹកនាំនិស្សិតនាំគ្នាឡើងរបងផ្ទះរបស់លោករ៉ាចាប៉ាក់សាក្នុងទីក្រុងកូឡុំបូបន្ទាប់ពីប៉ូលិសបានដំឡើងរបាំងនៅតាមដងផ្លូវនានាជុំវិញរដ្ឋធានីដើម្បីកុំអោយពួកគេទាក់ទងជាមួយក្រុមបាតុករនៅកន្លែងផ្សេង។
មេដឹកនាំនិស្សិតមិនបញ្ចេញអត្តសញ្ញាណម្នាក់បាននិយាយខណៈឈរនៅលើជញ្ជាំងថា “អ្នកអាចបិទផ្លូវបានប៉ុន្តែមិនអាចបញ្ឈប់ការតស៊ូរបស់យើងបានទេដរាបណាមន្ត្រីរដ្ឋាភិបាលទាំងមូលត្រឡប់ទៅដេកផ្ទះវិញ”។
ប្រឈមមុខនឹងប៉ូលិសទាំងជួរៗដែលកាន់ខែលការពារកុបកម្ម ក្រុមអ្នកតវ៉ាបានព្យាយាមទាញរបាំងការពារដែលរារាំងពួកគេមិនឱ្យចូលទៅក្នុងលំនៅដ្ឋាននាយករដ្ឋមន្ត្រី។
អ្នកខ្លះកាន់បដាសរសេរថា “ទៅផ្ទះវិញទៅហ្គោតា (Gota)” ដែលជាឈ្មោះហៅក្រៅរបស់ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa)ដែលជាបងប្រុសរបស់លោកម៉ាហ៊ីនដា ខណៈអ្នកផ្សេងទៀតពាក់របាំងមុខតួអង្គហ្កាយ ហ្វក( Guy Fawkes) ដែលបានក្លាយជានិមិត្តរូបនៃចលនាប្រឆាំងរដ្ឋាភិបាល។
ប៉ូលិសបាននិយាយថា លោកម៉ាហ៊ីនដា ដែលជាប្រមុខរដ្ឋាភិបាលកំពុងកាន់អំណាចរបស់ប្រទេសស្រីលង្កា មិនបាននៅក្នុងបរិវេណគេហដ្ឋាននៅពេលនោះទេហើយហ្វូងមនុស្សបានចាកចេញដោយសន្តិវិធី។
អស់រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលបាតុកររាប់ពាន់នាក់បានបោះជំរំជារៀងរាល់ថ្ងៃនៅខាងក្រៅគេហដ្ឋានមាត់សមុទ្ររបស់ប្រធានាធិបតីហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដោយទាមទារឱ្យគាត់ និងប្អូនប្រុសរបស់គាត់ចុះចេញពីតំណែង។
បាតុកម្មទូទាំងប្រទេសបានឃើញហ្វូងមនុស្សព្យាយាមសម្រុកចូលផ្ទះនិងការិយាល័យរបស់ឥស្សរជនរដ្ឋាភិបាលជាច្រើនរូប។
ក្នុងសប្តាហ៍នេះ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ នៅពេលដែលប៉ូលិសបាញ់ទៅលើតំបន់បិទផ្លូវមួយនៅកណ្តាលទីក្រុងរ៉ាមប៊ូកកាណា (Rambukkana)ដែលជាការស្លាប់លើកដំបូងចាប់តាំងពីការតវ៉ាកាលពីខែមុន។
ការដួលរលំសេដ្ឋកិច្ចរបស់ស្រីលង្កាបានចាប់ផ្តើមមើលឃើញបណ្តើរៗ បន្ទាប់ពីជំងឺរាតត្បាតបានធ្វើឱ្យបាត់បង់ប្រាក់ចំណូលសំខាន់ៗពីវិស័យទេសចរណ៍និងការផ្ញើប្រាក់ពីបរទេស។
ប្រទេសនេះមិនអាចផ្តល់ហិរញ្ញប្បទានដល់ការនាំចូលសំខាន់ៗ ជាហេតុនាំឱ្យខ្វះខាតអង្ករ ម្សៅទឹកដោះគោ ស្ករ ម្សៅស្រូវសាលី និងឱសថ ខណៈអតិផរណាឡើងខ្ពស់កំពុងបង្កការលំបាកកាន់តែខ្លាំង។
វិស័យអគ្គិសនី ដែលមិនអាចបង់ថ្លៃប្រេងឥន្ធនៈបាន បានធ្វើឱ្យមានការដាច់ចរន្តអគ្គិសនីយូរៗរាល់ថ្ងៃ ខណៈអ្នកបើកបររង់ចាំជាជួរវែងៗនៅជុំវិញស្ថានីយប្រេងរៀងរាល់ព្រឹកដើម្បីទទួលបានប្រេងឬហ្គាសចាក់យានយន្ត ខណៈមនុស្សតម្រង់ជួរគ្នាសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងប្រេងកាតដែលមានតិចតួច។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក អាលី សាប្រ៊ី (Ali Sabry) ដែលកំពុងនៅទីក្រុងវ៉ាស៊ីនតោនដើម្បីចរចាអំពីមូលនិធិសង្គ្រោះរបស់អង្គការរូបិយវត្ថុអន្តរជាតិIMF បានព្រមានកាលពីថ្ងៃសុក្រថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កាទំនងជានឹងកាន់តែយ៉ាប់យ៉ឺនថែមទៀតហើយប្រទេសផ្អាកសងបំណុលបរទេស៕
ក្រុមនិស្សិតធ្វើដំណើរនិងព្យាយាមសម្រុកចូលផ្ទះនាយករដ្ឋមន្ត្រីម៉ាហ៊ីនដា