ដោយៈ សរិទ្ធ-សុខសុភ័ណ្ឌ / កំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីរថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច កាលពីវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
មន្ត្រីនគរបាល ផ្នែកចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថាៈ បុរសជនជាតិចិន ដែលស្លាប់ឈ្មោះ ថាង ហ័រអី អាយុ ៣២ ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន សិនហួរកិនថ្ម ភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើករថយន្ត MAZDAពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5080 បើកបរមកពីទិសខាងកើត ទៅទិសខាងលិច។ លុះមកដល់ចំណុចខាងលើ រថយន្ត បានរេចង្កូតទៅបុកជាមួយ រថយន្ត NISSAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6436 សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-9359 ដឹកទូកុងទីន័រ ពេញទំហឹង បណ្តាលអោយបុរសជាជនជាតិចិននោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែកអ្នកបើកបររថយន្ត សណ្តោងទូកុងតឺន័រ មិនស្គាល់ អត្តសញ្ញាណ បានគេចខ្លួនបាត់។
ប្រភពដដែល បានបន្តទៀតថាៈ ក្រោយកើតហេតុ មន្ត្រីជំនាញ បានវាស់វែង ព្រមទាំងបាន ប្រគល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ ញាតិមិត្ត យកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តទាំងពីរ បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការ តាមនីតិវិធី៕/V