ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានបង្ហាញពីគំនិតរបស់សម្តេចក្នុងការអនុញ្ញាតឲ្យប្រជាពលរដ្ឋមិនបាច់ពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស និងបានស្នើឲ្យប្រជាពលរដ្ឋទទួលយកដូសជំរុញ(ដូសទី៣)ជាដូសកាតព្ធកិច្ច។សម្តេច បានលើកឡើងថាការធ្វើដូច្នេះ គឺក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលតាម ការប៉ាន់ស្មានរបស់សម្តេចក្នុង១ ថ្ងៃប្រជាពល រដ្ឋចំណាយទៅលើការទិញម៉ាស់ពាក់ប្រមាណ ១០ ម៉ឺនដុល្លារអាមេរិក ។ ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យអ្នកជំនាញនិងអ្នកបច្ចេ កទេសកុំមើលតែទៅលើបញ្ហាសុខភាពត្រូវមើលទៅលើបញ្ហាសេដ្ឋកិច្ចនិងសង្គមផងដែរ ។

ថ្លែងនៅព្រឹកថ្ងៃចន្ទទី២៥ខែមេសាឆ្នាំ២០២២ក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីជាង១លាន ដូសនៅវិមានសន្តិ ភាពសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្ញើសារទៅកាន់ជនរួមជាតិថា៖អ្វីដែលជាកិច្ចការសំខាន់ដែលសម្តេចសូមអំពាវនាវចំពោះ បងប្អូនជនរួមជាតិក៏ដូចជាកម្លាំងគ្រប់ផ្នែកដែលចូលរួមដំណើរការចាក់វ៉ាក់សាំងត្រូវខិតខំជំរុញធ្វើយ៉ាងម៉េចឲ្យប្រជាជនកម្ពុជារបស់យើងអាចទទួលបាននូវដូសទី៣យ៉ាងតិចនេះចាត់ទុកថាជាកាតព្វកិច្ចតំរូវតែម្ដង ។

សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា៖យើងនៅសល់មនុស្សប្រមាណជាង៦លាននាក់ទៀតដែលមិនទាន់បានចាក់ដូសទី៣នៅឡើយក្នុងពេលដែលមនុស្សចំនួន ជាង១ លាននាក់បានចាក់ដូសទី ៤ ។

សម្តេចបន្តថាឥឡូវនេះអ្វីដែលរាជរដ្ឋាភិបាលចង់បាននោះគឺចង់ឲ្យបងប្អូនជនរួមជាតិរំដោះខ្លួនឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងកាតព្វកិច្ចមួយចំ នួនក្នុងវិស័យសុខាភិបាលដូចជាកន្លងទៅយើងបានដកចេញនូវកាតព្ធកិច្ចពាក់ម៉ាស់ចេញពីខេត្ត ៤ដោយទុកឱ្យខេត្តទាំងនោះប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯង។

សម្តេចបន្តថា៖«ឥឡូវខ្ញុំបានណែនាំឲ្យលោក អូន ព័ន្ធមុនីរ័ត្ន និង លោក ម៉ម ប៊ុនហេង ដឹកនាំការប្រជុំមួយនៅល្ងាចនេះហើយខ្ញុំក៏បាននិយាយមុននេះបន្តិចជាមួយនឹង លោក ម៉ម ប៊ុនហេង ,ហើយយប់មិញក៏បាននិយាយជាមួយលោកស្រី យក់ សម្បត្តិ ខ្ញុំចង់ឲ្យដកចេញនូវកាតព្វកិច្ចពាក់ម៉ាសនៅតាមទីធ្លាសាធារណៈប៉ុន្តែពាក់ម៉ាស់ នៅកន្លែងដែលបិទជិតដូចជានៅក្នុងសាលប្រជុំនេះ»។

សម្តេចតេជោបានលើកឡើងថា៖នៅពេលចូលឆ្នាំកន្លងទៅនេះប្រជាពលរដ្ឋកម្ពុជាតិចបំផុតដែលបានពាក់ម៉ាស់នៅក្នុងចំណោមសមុទ្រមនុស្សដែលយើងបានមើលឃើញ,ហើយយប់មិញនេះយើងបានឃើញនៅខេត្តតាកែវនិងកំពង់ចាមមានការប្រគំតន្ត្រីនៅទីនោះគឺក្នុងចំណោម ១,០០០ នាក់មានមនុស្សប្រហែល ១ នាក់ឬ ២ នាក់ ប៉ុណ្ណោះដែលពាក់ម៉ាស់និងដោយពុំមានការរក្សាគម្លាតនោះទេ។បញ្ហានេះយើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេត្រូវមើលឲ្យឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ចសង្គម។

សម្តេចតេជោបានលើកឡើងទៀតថា៖ការពាក់ម៉ាស់គឺជាការតម្រូវឲ្យប្រជាពលរដ្ឋរបស់យើងចំណាយ,ប្រជាពលរដ្ឋខ្លះមិនហ៊ានចំណាយលុយទិញខោអាវឲ្យកូនចៅ ស្លៀកទេប៉ុន្តែទុកទិញម៉ាស់ដើម្បីយកមកពាក់ការពារខ្លួនដែលជាកាតព្វកិច្ច ។

បើតាមសម្តេចតេជោនៅក្នុងប្រទេសកម្ពុជាក្នុងមួយថ្ងៃការចាយសម្រាប់ការទិញម៉ាស់គឺមានប្រមាណ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដូច្នេះក្នុង១ខែប្រជាពលរដ្ឋចំណាយអស់ប្រមាណ ៣ លានដុល្លារតែទៅលើម៉ាស់មួយមុខ ។

សម្តេចបានថ្លែងថា៖«ខ្ញុំអំពាវនាវឲ្យអ្នកបច្ចេកទេសក្នុងវិស័យសុខាភិបាលកុំមើលឃើញតែវិស័យសុខភាពមួយជ្រុងនៃការពាក់ម៉ាសក្នុងវិស័យសុខភាព,ប៉ុន្តែត្រូវមើលឲ្យឃើញផងដែរអំពីវិស័យសេដ្ឋកិច្ចសង្គមនិងបញ្ហាយុទ្ធសាស្ត្រ។ការពាក់ម៉ាស់វាមិនមែនជាបញ្ហាងាយស្រួលទេហើយជាងនេះទៅ ទៀតនៅពេលដែលតម្រូវការនៃការធ្វើការហត់នឿយហើយដែលត្រូវខ្ទប់ច្រមុះវាមិនមែនជារឿងស្រួលទេ,ប្រទេសមួយចំនួនបានដកចេញនូវកាតព្វ កិច្ចពាក់ម៉ាសរួចស្រេចទៅហើយយើងក៏អាចធ្វើបានក៏ប៉ុន្តែយើងត្រូវរងចាំការប្រជុំនៅល្ងាចនេះដែលដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន នឹងលោក ម៉ម ប៊ុនហេងធ្វើការជួបប្រជុំជាមួយគ្នាសិន»។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាគំនិតរបស់សម្តេចគឺសម្តេចត្រូវតែទទួលយកនូវលទ្ធផលការប្រជុំនៅល្ងាចនេះអ្វីដែលគំនិតរបស់សម្តេចគឺគ្រប់ភូមិសាស្ត្រទាំងអស់ទុកឲ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាស់ក្នុងពេលដែលនៅក្រៅអាគារនៅកន្លែងទីធ្លាសាធារណៈដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈឬនៅទីកន្លែងសាធារណៈប៉ុន្តែនៅពេលចូលក្នុងកិច្ចប្រជុំបិទជិតដូចជាអាគាររដ្ឋាភិបាលនៅទីកន្លែងផ្សេងៗកន្លែងធ្វើការរបស់ក្រុមហ៊ុននៅក្នុងម៉ាស៊ីនត្រជាក់គឺតម្រូវឱ្យមានការពាក់ម៉ាស់ជាការចាំបាច់ ។កូនសិស្សសាលារបស់យើងក៏អាចបន្ថយការពាក់ម៉ាសនៅក្នុង សាលារៀនប៉ុន្តែគេត្រូវបន្តរក្សានូវគម្លាតដដែលត្រូវបន្តលាងដៃដោយសាប៊ូប៉ុន្តែអាចដកចេញនូវកាតព្វកិច្ចនៃការពាក់ម៉ាស់នៅទីកន្លែងសាធារណៈ ធ្វើបានយ៉ាងដូច្នេះយើងនិងសន្សំសំចៃបាននូវការចំណាយរបស់ក្រុមគ្រួសារនីមួយៗក៏ដូចជាក្នុងសង្គម។

បើតាមសម្តេចតេជោកម្ពុជា នៅសលវ៉ាក់សាំងប្រមាណ២០លានដូសទៀតដែលជាការសន្យារបស់មិត្តភក្តិបានសន្យាផ្តល់ឲ្យកម្ពុជាដែលនឹងត្រូវបញ្ជូន មកជាបន្តបន្ទាប់ខណៈដែលក្នុងឃ្លាំង កម្ពុជានៅសល់វ៉ាក់សាំងជាង ១១លានដូសទៀត ៕