ដោយៈ សរិទ្ធ / ភ្នំពេញ៖ បុរសសន្តិសុខម្នាក់ បានដេកស្លាប់ នៅនឹងកន្លែងធ្វើការ ស្ថិតនៅក្នុងអាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលករណីនេះ បានបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ។
សពជនរងគ្រោះ មានឈ្មោះ ចាយ សេងឡៃ អាយុ ៣៨ ឆ្នាំ មុខរបរ ជាសន្តិសុខ បច្ចុប្បន្ន ស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តកំពង់ចាម។
តាមប្រភពព័ត៌មាន ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថាៈ កន្លងមក ជនរងគ្រោះ ធ្លាប់មានជំងឺ ប្រចាំកាយ គឺជំងឺលើសឈាម ហើយក៏ធ្លាប់បានដួលម្ដងរួចមកហើយ បន្ទាប់មក ក្រុមគ្រួសារក៏បានយកបុរសខាងលើនេះ ទៅព្យាបាលនៅឯស្រុកកំណើត ក្រោយពីព្យាបាល អស់មួយរយៈ បានធូរស្រាល ទើបជនរងគ្រោះ មកដាក់ពាក្យចូលបំរើ ការងារ ធ្វើជាសន្តិសុខ នៅកន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះ ធ្វើជាសន្តិសុខ ធ្វើការនៅវេនយប់ ។ នៅព្រឹកថ្ងៃកើតហេតុ ក៏មានបុរស ជាសន្តិសុខម្នាក់ទៀត បានចូលមកបម្រើការងារ ដូចសព្វដង ស្រាប់តែមកដល់ ក៏ឃើញបុរស ខាងលើ បានស្លាប់នៅកន្លែងធ្វើការ បាត់ទៅហើយ រួចក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមក ត្រួតពិនិត្យ នៅកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ច ផ្នែកជំនាញកោសលវិច័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញចុះមកធ្វើកោសល្យ វិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V