ដោយៈ ប ជ័យ / បន្ទាយ​មាន​ជ័​យៈ កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​បទល្មើស គ្រឿងញៀន បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះ ក្រោយពី​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​បង្ក្រាប​នៅ​ក្លិប​កម្សាន្ត វ៉​ម​អាប់់ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់់ថាៈ ការចុះ​ធ្វើ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ដា សុខ​ណា ហៅ វែង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅ បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ដកហូត​វត្ថុតាង ម្សៅ​ពណ៌​ស (​កេ​តា​មីន​) ចំនួន ៥ កូន​ថង់់​កិប ស្មើនឹង​ទម្ងន់ ៤,៣៥ ក្រាម​, គ្រាប់​ថ្នាំ​ពណ៌​បៃតង ចំនួន ១​គ្រាប់ និង​សម្ភារៈ មួយចំនួនទៀត ។​

​ក្រោយពី​សួរនាំ​រួច ជនសង្ស័យ ឈ្មោះ ដា សុខ​ណា ហៅ វែង បាន​ឆ្លើយ​សារភាពថាៈ រូបគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន ដែល​សមត្ថកិច្ច​ដកហូត​បាន ខាងលើ យកមក​រក្សាទុក ដើម្បី​ប្រើប្រាស់ ពិតប្រាកដ​មែន ។

​ដោយ​ផ្អែកលើ​ចម្លើយសារភាព របស់់​ជនសង្ស័យ និង​មាន​វត្ថុតាង​ផង​នោះ ទើប​កម្លាំង ជំនាញ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កសាង​សំណុំរឿង បញ្ជូនមក​បញ្ជាការ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ចាត់់​ការបន្ត ។​

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹងថាៈ ការបង្ក្រាប​ខាងលើនេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្រប សម្រួល​ពី លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផងដែរ ៕/V​