ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បានរៀបចំ​ការប្រកួត​កីឡា​គុន​ដាវ ដណ្ដើម​ពានរង្វាន់ វេ​ស្ទើ​ន លើក​ទី​២ ឆ្នាំ​២០២២ ដែល​ការប្រកួត​នេះ មិន​ត្រឹមតែ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ កីឡាការិនី​ប៉ុណ្ណោះ​ទេ តែ​ជា​ការវាស់ស្ទង់ នូវ​សមត្ថភាព​មន្ត្រី​បច្ចេកទេស​របស់ខ្លួន សម្រាប់​ឆ្នាំ​២០២៣ ទៀតផង ។​

​លោក ឃុ​ត សៀង ប្រធាន​បច្ចេកទេស សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា បាន​និយាយថាៈ​ ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ដ៏​សំខាន់ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ស៊ី​ហ្គេម ជា​លើកដំបូង ហេតុនេះ មន្ត្រី​បច្ចេកទេស ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​រ៉ាប់រង ចំពោះ ការប្រកួត​ដោយ​ធានាបាន នូវ​យុត្តិធម៌​ត្រឹមត្រូវ ។​

​លោក បានលើកឡើង​ថាៈ ក្រៅពី​ការពង្រឹង​បច្ចេកទេស កីឡាករ កីឡាការិនី ការប្រកួត​កីឡា​គុន​ដាវ ពានរង្វាន់​វេ​ស្ទើ​ន លើក​ទី​២ ឆ្នាំ​២០២២ ក៏​ជាការ​សាកល្បង សមត្ថភាព​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​របស់​សហ​ព័ន្ធ ដើម្បី​ធានា​ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​របស់​កម្ពុជា​ផងដែរ​។ តាមរយៈ​ការប្រកួត នេះ សហព័ន្ធ ពិតជា​បាន​មើលឃើញ នូវ​ចំណុច​ខ្វះខាត​ជាច្រើន ដែល ត្រូវការ​ដោះស្រាយ និង​បំពេញបន្ថែម ឱ្យបាន​ឆាប់រហ័ស​បំផុត​។ ក្នុង​ឆ្នាំ​២០២២​នេះ សហព័ន្ធ ក៏​ត្រៀម​ការ ប្រកួត ២ ប្រភេទ​ទៀត ក្នុង​ត្រីមាស​ទី​៣ និង​ត្រីមាស​ទី​៤ ជាពិសេស ការរៀបចំ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ នា​ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​បង្កើន បទពិសោធន៍ និង​ពង្រឹង សមត្ថភាព របស់​មន្ដ្រី​បច្ចេកទេស របស់ខ្លួន និង​ការត្រួតពិនិត្យ សម្ភារ​ប្រកួត​ផងដែរ​។ ដូច្នេះ តាមរយៈ​ការប្រកួត​សំខាន់ៗ​ទាំងនេះ វា​នឹង​ជួយ​ពង្រឹង​បន្ថែម​លើ​សមត្ថភាព បទពិសោធន៍ សម្រាប់​មន្ត្រី​បច្ចេកទេស ឲ្យ​កាន់តែ​មុត​ស្រួច សម្រាប់ គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣​។​

​លោក បាន​អះអាងថាៈ ការប្រកួត​កីឡា​គុន​ដាវ ពានរង្វាន់​វេ​ស្ទើ​ន ឆ្នាំ​២០២២​នេះ មាន​គោលដៅ​បំផុស សកម្មភាព​កីឡា​គុន​ដាវ តាម​សាលារៀន គ្រប់​កម្រិតសិក្សា ស្របតាម គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយបាន​អនុវត្ត តាម​បទបញ្ជា​បច្ចេកទេស​ប្រកួត គោលការណ៍ Fair play បាន​យ៉ាង ត្រឹមត្រូវ ហើយ​ការប្រកួត បានបញ្ចប់​ដោយ​សុ​វត្តិភាព ប្រកបដោយ​ស្មារតី​មិត្តភាព និង​សាមគ្គីភាព​។​

​ការប្រកួត​នេះ អាច​រៀបចំ​ទៅបាន ដោយមាន​ការជួយជ្រោមជ្រែង ពី​លោក តែ ឡូ​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល សកលវិទ្យា​ល័យ វេ​ស្ទើ​ន លោក គួរ យ៉ាង ប្រធាន​ចាត់ការ​ទូទៅ នៃ​ក្លឹប​កីឡា​ឡុង​ហាយ និង​គ្រូបង្វឹក កីឡាករ កីឡាការិនី ព្រមទាំង​ក្រុមហ៊ុន​ឯកជន ជាច្រើន​ទៀតផង​ដែរ​។​

​ជ័យលាភី​ក្នុងការ​ប្រកួត​នេះ រួមមាន​៖ វិញ្ញាសា​ដាវ​ធំ​ឯកត្តជន​បុរស​៖ មេដាយមាស បាន​ទៅ​កីឡាករ សុខ ចាន់​ឫទ្ធី មកពី​វិទ្យាល័យ ជាស៊ីម សាមគ្គី​, មេដាយប្រាក់ កីឡាករ ខឿន ទី​ម៉ា មកពី​វិទ្យាល័យ ឥន្ទ្រ​ទេវី​, មេដាយ​សំរឹទ្ធ កីឡាករ លាន ម៉ូ​សេ មកពី​វិទ្យាល័យ ជាស៊ីម សាមគ្គី និង​កីឡាករ ភារ​ក្ស ភា​រិ​ន មកពី​ក្លឹប Glory​។ វិញ្ញាសារ​ដាវ​ធំ​ឯកត្តជន​នារី មេដាយមាស បាន​ទៅ​កីឡាការិនី រុំ ស្រី​ឡែ​ន មកពី​វិទ្យាល័យ ឥន្ទ្រ​ទេវី​, មេដាយប្រាក់ កីឡាការិនី ប៉ែន ណា​រីតា មកពី​សាលា​អន្ដរជាតិ​វេ​ស្ទើ​ន​, មេដាយ​សំរឹទ្ធ កីឡាការិនី ប្រាក់ បញ្ញា​ទេវី មកពី​សាលា​អន្ដរជាតិ វេ​ស្ទើ​ន ៕/V​