ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាំភ្លើងធំ M777 ក្នុងចំនួនមិនបញ្ចេញនឹងត្រូវបរិច្ចាគដោយរដ្ឋាភិបាលកាណាដាឱ្យទៅអ៊ុយក្រែនសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំនេះ។ វេបសាយ BulgarianMilitary.com បានដឹងព័ត៌មាននេះពីសេចក្តីប្រកាសព័ត៌មានដែលចេញដោយក្រសួងការពារជាតិកាណាដា។
យោងតាមព័ត៌មានមិនផ្លូវការ កាណាដាមានកាំភ្លើងធំ M777សរុបចំនួន ៣៧ ដើមដែលត្រូវបានផលិតឡើងក្នុងឆ្នាំ ២០០៨ ដោយរដ្ឋាភិបាលអាម៉េរិក។ ក្រៅពីកាំភ្លើងធំនេះកាណាដារំពឹងបញ្ជូនរថពាសដែកទៅកាន់អ៊ុយក្រែនក៏ដូចជាជួយជួសជុលកាមេរ៉ារបស់ដ្រូនដែលរងការខូចខាតដោយសារអរិភាព។
រហូតមកទល់បច្ចុប្បន្ន រដ្ឋាភិបាលក្រុងអូតាវ៉ាបានផ្តល់ឱ្យទីក្រុងគៀវនូវអាវក្រោះ គ្រាប់កាំភ្លើង មួកសុវត្ថិភាព អាវុធប្រឆាំងរថក្រោះ Carl Gustaf របាំងការពារឧស្ម័ន ឧបករណ៍មើលពេលយប់ អាវុធប្រឆាំងរថក្រោះ M72 LAW ចំនួន ៤.៥០០ ដើម និងគ្រាប់បែកដៃចំនួន ៧.៥០០ គ្រាប់។
ក្នុងពេលជាមួយគ្នានេះ អ៊ុយក្រែនក៏អាចទទួលបានរថក្រោះ T-72 ពីប៉ូឡូញផងដែរ។ ទោះយ៉ាងណា ថាតើពួកគេនឹងទទួលវាឬអត់គឺអាស្រ័យលើការចរចារវាងប៉ូឡូញនិងចក្រភពអង់គ្លេស។គំនិតគឺថាប៉ូឡូញនឹងទិញរថក្រោះ Challenger 2 របស់អង់គ្លេសជាថ្នូរនឹងប៉ូឡូញបញ្ជូនរថក្រោះ T-72 របស់ខ្លួនដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
យោងតាមព័ត៌មានក្រៅផ្លូវការ ទីក្រុងវ៉ាសូវីមានរថក្រោះ T-72A / T-72M1 ចំនួន ១២៧ គ្រឿងដែលបច្ចុប្បន្នកំពុងបម្រើការក្នុងជួរកងទ័ពប៉ូឡូញ ហើយមានរថក្រោះនេះ ២៥៧ គ្រឿងនៅក្នុងស្តុក។ អ្នកជំនាញកត់សម្គាល់ថា ប្រសិនបើអ៊ុយក្រែនទទួលបានរថក្រោះ T-72 ពួកគេនឹងអាចចាប់ផ្តើមធ្វើការជាមួយពួកវាភ្លាមៗព្រោះរថក្រោះប្រយុទ្ធភាគច្រើនដែលកងទ័ពអ៊ុយក្រែនប្រើគឺមានប្រភពពីរុស្ស៊ី ដូច្នេះមិនចាំបាច់មានការហ្វឹកហ្វឺនពិសេសសម្រាប់ការប្រើប្រាស់ភ្លាមៗនោះទេ៕
រថក្រោះ T-72 និង កាំភ្លើងធំ M777