​ដោយៈ​បាយ័ន / សៀមរាបៈ វត្ត​ព្រះព្រហ្ម​រ័ត្ន ជា​អារាម​មួយ​ដ៏​ចំណាស់ ដែល​ស្ថិតនៅតាម ដងស្ទឹង​សៀមរាប ផ្នែក​ខាងលិច ស្ថិតក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​ត្រូវបាន​ជួសជុល​ហើយដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយថា នៅក្នុង​អារាម​មួយ​នេះ មាន​សំណង់​កុដិ​ឈើ ពីរ​ខ្នង សង់​ខ្ពស់​ផុតពី​ដី ដំបូល​ប្រក់​ក្បឿង ដែលមាន​ទម្រង់​ស្ថាបត្យកម្ម ពីរ ផ្សេងគ្នា មួយ​ជា​ទម្រង់​កុដិ ដំបូល​ខ្មែរ និង​មួយទៀត ជា​ទម្រង់​កុដិ​ប៉ិត​។ ស្ថាបត្យកម្ម​ទាំងពីរ​នេះ ត្រូវបាន​សាងសង់ ក្នុងដំណាក់កាល ពីរ ផ្សេងគ្នា កុដិ​ដែលមាន​ដំបូល​ខ្មែរ ឬ​កឹង ត្រូវបាន​សាងសង់ ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ ហើយ​កុដិ​ដែលមាន​ដំបូល​ប៉ិត ត្រូវបាន​សាងសង់​ក្នុងអំឡុង​ទសវត្សរ៍​១៩៥០ (​នេះ​បេ​ី​តាម​បន្ទូល​របស់ ព្រះមហា វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៍​) ។​

​ស្ថាបត្យកម្ម​នៃ​សំណង់​ឈើ​នេះ មានគុណ​តម្លៃ​ដ៏​ពិសិដ្ឋ និង​យ៉ាង​ល្អ​ឯក ទាំង​រូបរាង បច្ចេកទេស និង​ភាព​ប្រណិត​នៃ​សិល្បៈ ដែល​ស្តែងឡើង​តាមរយៈ​ស្ថាបត្យកម្ម​មួយ​នេះ​។​

​សំណង់​ទាំងពីរ​នេះ សព្វថ្ងៃ មាន​សភាព​ចាស់​ទ្រុឌទ្រោម យ៉ាងខ្លាំង ដោយហេតុ​អាយុ កាល​ផង គុណភាព នៃ​សំណង់​មួយផ្នែក​ផង និង​មានការ​បំផ្លាញ ដោយ​សត្វល្អិត​ផង​។​

​ទោះបីជា​សំណង់​ឈើ​នេះ មាន​សភាព​ទ្រុឌទ្រោម​យ៉ាងណា ដោយ​ស្មារតី​ចង់​រក្សា​ឱ្យបាន នូវ​គុណ​តម្លៃ នៃ​ស្ថាបត្យកម្ម មួយ​នេះ អ្នកបច្ចេកទេស​របស់ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ខិតខំ​ប្រឹងប្រែង ក្នុងការ​សង្គ្រោះ​សំណង់​ឈើ​នេះ ដោយ​ប្រេ​ី​បច្ចេកទេស និង​សម្ភារ ដូច​ដេ​ី​ម​ទាំងស្រុង ធ្វើយ៉ាងណា ឱ្យ​សំណង់​នេះ ស្ថិតស្ថេរ​ត​ទៅមុខទៀត ព្រោះថា ការបាត់បង់​នូវ សំណង់​ឈើ​មួយ​នេះ មិន​ត្រឹមតែ​បាត់បង់ នូវ​រូបរាង​នៃ​សំណង់​នោះទេ គឺថា បច្ចេកទេស នៃ​ការសាងសង់ សំណង់​ឈើ ដូចជា​ការភ្ជាប់​គ្រឿង​បង្គុំ រវាង​ឈើ និង​ឈើ ភាព​ប៉ិនប្រសប់ ក្នុង​វិស័យ​សិល្បៈ ជំនឿ ទំនៀម​ទំលាប់ មួយចំនួនទៀត ដែល​ទាំងនេះ ត្រូវបាន​ស្តែងឡើង តាមរយៈ​សំណង់​ឈើ​នេះ នឹងត្រូវ​បាត់បង់ ទៅជា​មួយ ជាក់​ជាពុំខាន​។​

​អាជ្ញាធរ​ជាតិ​អប្សរា ជឿជាក់​យ៉ាង​មុតមាំ​ថា សំណង់​ឈើ​មួយ​នេះ ក្រោយពី​ការជួសជុល​រួចរាល់ នឹង​បាន​បំពេញ​តួនាទី​របស់ខ្លួន បន្តទៅទៀត នឹង​រក្សាបាន​នូវ​គុណ​តម្លៃ ដូច​បាន ជម្រាបជូន ខាងលើ ដើម្បី​ជា​ប្រយោជន៍ ដល់​ការសិក្សា​ស្រាវជ្រាវ ក៏ដូចជា ការសិក្សា​រៀន សូត្រ ដល់​អ្នក​ដែលមាន​បំណង ស្វែងយល់​នៃ​សំណង់​ឈើ​ជាក់​ជាពុំខាន​។ ម្យ៉ាងទៀត ក៏​ជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុងការ​រក្សា​នូវ​មរតក​ពី​បុរាណ ព្រមទាំង​អាច​ទាក់ទាញ​ចំណាប់ អារម្មណ៍​របស់​ទេសច​រ មក​ទស្សនា​ស្វែងយល់​បន្ថែម ក្រៅពី​សំណង់​ប្រាសាទបុរាណ របស់​យើង​ផងដែរ​៕/V​