ដោយៈ គង់​ហេង / កំពង់ចាមៈ លោក រិ​ន វីរៈ ប្រធាន​ក្រុមការងារ​យុវជន​បង្គោល គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ស្ទឹងត្រង់ បានប្រកាសថាៈ ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​បណ្តា​ប្រទេស ចំនួន​ជាង ២០០ លើ​ពិភពលោក ក្នុងការ​គ្រប់គ្រង​ដឹកនាំ កិច្ច​ចាក់​វ៉ាក់សាំង ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ។​

​លោក​ប្រធាន​ក្រុមការងារ​យុវជន​បង្គោល គណបក្ស​ប្រជាជន​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ស្ទឹងត្រង់ បានប្រកាស​យ៉ាង​ដូច្នេះ កាលពី​ថ្ងៃទី ២៤ មេសា ម្សិលមិញ ខណៈដែល​លោក បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ បេក្ខជន​ឈរ ឈ្មោះ​បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ស្រុក​ស្ទឹងត្រង់​។​

​លោក រិ​ន វីរៈ បាន​ថ្លែងថាៈ ត្រូវ​លើក​អំពី​គុណ​ស​ម្ប​តិ្ត របស់​រាជរដ្ឋាភិបាល គឺ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ ជា​ថ្ងៃកំណើត​ទី​២ និង​ថ្ងៃកំណើត​ទី​៣ គឺ​កិច្ច​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ ១៩ កន្លងមក ជូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយ​ឥតគិតថ្លៃ ដែល​នេះ​បង្ហាញ​ពី​ការគិតគូ យុទ្ធសាស្ត្រ​ដ៏​វែងឆ្ងាយ និង​ដ៏​ត្រឹមត្រូវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច​ទិញ​វ៉ាក់សាំង ពី​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​។​

​លោក​បាន​បន្ថែមថាៈ បច្ចុប្បន្ន ប្រទេស​នានា លើ​ពិភពលោក នៅមាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ស្លាប់​ច្រើន​នៅឡើយ​។ ប៉ុន្តែ​ប្រទេស​កម្ពុជា​យើង​វិញ សម្តេច​តេ​ជោ​បាន​ខំប្រឹងប្រែង ណាស់ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ចំនួន បួន ជំហាន​ធ្វើ​មាន​ភាពស៊ាំ ក្នុងសង្គម រហូត​មួយថ្ងៃៗ មាន​អ្នក​ឆ្លង​ជំងឺ​នេះ តិច​ណាស់​ពី ១០ ទៅ ៣០ នាក់​។​

​លោក​បាន​បន្តថាៈ នេះ​ជា​សច្ចភាព​ពិត មកដល់ពេលនេះ កម្ពុ​ជាមាន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ ១៩ ចំនួន ៣.០៥៦ នាក់​ប៉ុណ្ណោះ ទោះបី​តិច​ក៏ដោយ ក៏​រាជរដ្ឋាភិបាល បាន​ចូលរួម​ដល់ ប្រជាពលរដ្ឋ ដល់​គ្រួសារ​ដែល​ប៉ះពាល់​ជំងឺ​កូ​វីដ ១៩ ទទួល​សមាជិក គ្រួសារ​អ្នកស្លាប់ គឺ​គិត​ជា​ភាគរយ​តិច​ណាស់ ដែល​ធ្វើ​ប្រទេស​កម្ពុជា​យើង ជាប់​លេខ​២ ក្នុងការ​គ្រប់គ្រង ដឹកនាំ​កិច្ច​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ ១៩ ជូន​ប្រជាពលរដ្ឋ ក្នុងចំណោម​ប្រទេស​ចំនួន ជាង ២០០ លើ​ពិភពលោក​។ ដូច្នេះ​ការផ្តល់សេវា ការផ្តល់​វ៉ាក់សាំង​កូ​វីដ ១៩ ជា​ចំណុច​គន្លឹះ នៃ​ការឃោសនា​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ​៕/V​