ដោយៈ សុផល / ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ចំណតផែ រណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចបានប្រមាណ ៨៥% ហើយគ្រោងបញ្ចប់ការសាង សង់ និងបើកឱ្យដំណើការប្រើប្រាស់ នៅអំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពគម្រោងចំណតផែ រណបពហុបំណង TS១១ នៅថ្ងៃទី២៥ ខែមេសា ឆ្នា២០២២ នេះ បានមានប្រសាសន៍ថាៈ ក្រោយបញ្ចប់ការអភិវឌ្ឍ ផែរណប នៅកំពង់ផែស្វយ័តភ្នំពេញ កម្ពុជាមានផែនការសាងសង់ ផែរណបចំនួន ៧ ទៀត ដែលរួមមាន ផែទន្លេបិទ, ផែកោះរកា , ព្រែកតាមាក់ , កំពង់ឆ្នាំង និង ឆ្លូង ជាដើម ដើម្បីឱ្យងាយស្រួល ក្នុងការប្រមែប្រមូលទំនិញ ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាៈ គម្រោងសាងសង់កំពង់ផែ រណបដ៏សំខាន់នេះ នឹង ផ្តល់ប្រយោជន៍ សម្រាប់ការដឹកជញ្ជូនទំនិញ ចេញ-ចូល និងនាំទៅលក់ នៅក្រៅប្រទេស។
ក្រៅពីការអភិវឌ្ឍន៍ កំពង់ផែរណប ទាំង ៧ កន្លែង លោក ស៊ុន ចាន់ថុល បានឱ្យដឹងថាៈ រដ្ឋាភិបាល ក៏មានគម្រោងអភិវឌ្ឍន៍ ផែយុទ្ធសាស្ត្រ នៅស្អាង នៅតាកែវ និងនៅកែប ដើម្បី ជំរុញការអភិវឌ្ឍផ្លូវដឹកជញ្ជូន តាមផ្លូវទឹក កាត់បន្ថយការប្រើប្រាស់ផ្លូវថ្នល់ ដែលបង្កនាំ គ្រោះថ្នាក់ និងចំណេញពេលវេលា។
ដោយឡែក ទាក់ទងគម្រោងសាងសង់ ស្តារព្រែក អូរអំបិល ទៅដល់ខេត្តកែប តាមការ សិក្សាជំហានដំបូង បញ្ជាក់ថា មានប្រវែង ១៦៨ គីឡូម៉ែត្រ ។ ក្នុងប្រវែង ១៦៨ គីឡូម៉ែត្រ ប្រហែល ១១៥ គីឡូម៉ែត្រ ជាផ្លូវទឹក ដែលអាចធ្វើដំណើរបាន ទាំងខែប្រាំង និងវស្សា។
ក្រោយមានការឯកភាព ពីប្រមុខរដ្ឋាភិបាល ក្រសួង សាធារណការ នឹងសិក្សាបន្តទៀត លើផលប៉ះពាល់ ដូចជា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីឲ្យគម្រោងនេះ ឈាន ទៅសម្រេចបាន ៕/V