ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី បាន​អះអាងថាៈ ជំងឺគ្រុនចាញ់ នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ យ៉ាង​ចំបង ដែល​ប៉ះពាល់​សុខភាព ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ ជាពិសេស សុខភាព​ពលរដ្ឋ ក្នុង​ខេត្តមណ្ឌលគិរី​។​

​របាយការណ៍ នៅបាន​បញ្ជាក់ថាៈ សំរាប់​ខេត្តមណ្ឌលគិរី នៅក្នុង​ឆ្នាំ​២០២២ មាន​ករណី ឈឺ ចំនួន ១.៣៣៣ (​អត្រា​អាំង​ស៊ីដង់ គឺ ៦ ករណី ក្នុងចំណោម​មនុស្ស ១​ពាន់​នាក់​) និង​មិនមាន​ករណី​ស្លាប់ តាំងពី​ឆ្នាំ​២០១៤​។​

​ការបង្ហាញ​របាយការណ៍​នេះ ធ្វើឡើង​នៅក្នុង ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ ” រួមគ្នា​អនុវត្តន៍​គន្លង​សកម្មភាព​ថ្មីៗ ឈានទៅរក​ការកាត់បន្ថយ បន្ទុក​ជំងឺគ្រុនចាញ់​សកល ដើម្បី​លើក​កំពស់​សុខុមាលភាព ” ដែល​ប្រព្រឹត្ត ទៅ នៅ​សាលាស្រុក​កែវ​សីមា នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក យិន សុខ​ឡេង អភិបាលរង​ស្រុក​កែវ​សីមា និង​លោក​វេជ្ជបណ្ឌិត ឡេ​ក សុវណ្ណ​រត្ន តំណាង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ រួមទាំង​ពលរដ្ឋ សិស្សានុសិស្ស ប្រមាណ​ជាង ២០០ នាក់​។​

​លោក​វេជ្ជបណ្ឌិត ឡេ​ក សុវណ្ណ​រត្ន បានអោយដឹងថាៈ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង ពី​មន្ត្រី​ជំនាញ​ក្រោម​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​លុបបំបាត់ ជំងឺគ្រុនចាញ់​ទាំងស្រុង ត្រឹម​ឆ្នាំ​២០២៥ ឃើញថា ប្រជាពលរដ្ឋ មានការ​យល់ដឹង​ច្រើន និង​បាន​ស្វែងរក​សេវា​ព្យាបាល បាន​ទាន់ពេលវេលា ។ អ្វីដែល​ជាការ​កត់សម្គាល់ ករណី​ជំងឺគ្រុនចាញ់ ក្នុង​ឆ្នាំ​២០២១ កន្លងទៅ បាន​ថយចុះ នូវ​ជំងឺ​ប្រភេទ​គ្រុនចាញ់ P.falciparum ៥៦% បើ​ធៀប​ឆ្នាំ​២០២០ និង P.vivax កើនឡើង ៥៨%​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថាៈ ឆ្នាំ​២០២១ ករណី​គ្រុនចាញ់ បានកើត​រាយប៉ាយ ពេញ​ខេត្តមណ្ឌលគិរី ហើយ​ស្រុក​ដែលមាន​ជំងឺ​នេះ ខ្ពស់​ជាងគេ គឺ​ស្រុក​កែវ​សីមា ដែល​កើត​លើ​មនុស្ស អាយុ​ចន្លោះ​ពី ១៥ ទៅ ៤៩ ឆ្នាំ ប្រមាណ​ជា ៨០%​។​

​យោងតាម​របាយការណ៍ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​អះអាងថាៈ ប្រទេស​កម្ពុជា ធ្លាប់មាន​ករណី​ជំងឺគ្រុនចាញ់ ជាង ១៧ ម៉ឺន​ករណី ឈឺ​នា​ទសវត្ស៍​ឆ្នាំ​៨០ និង​សម្លាប់ មនុស្ស​ជិត ១ ពាន់​នាក់​។ ឆ្នាំ​២០១៨ ករណី​ស្លាប់​ដោយ​ជំងឺ​នេះ លែងមាន​រហូតដល់ បច្ចុប្បន្ន បានន័យថា ស​ម្រេច​ជោគជ័យ មុន​ផែនការ​ឆ្នាំ​២០២០​។ ឆ្នាំ​២០២១ ជំងឺគ្រុនចាញ់ កើតឡើង ៤.២៧៩ ករណី​ឈឺ ដែល​ចំនួន​ករណី បាន​បន្ត​ថយចុះ ៥៤% បើ​ធៀប​ឆ្នាំ​២០២០ ដែលមាន ៩.២៣៤ ករណី​។​

​នាពេល​កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា លើ​អនុក្រឹត្យ​លេខ​១៥៧ អនក្រ​.​បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០០៩ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី​២៥ ខែមេសា និង​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺគ្រុនចាញ់ អោយ​អស់ពី​ប្រទេស​កម្ពុជា នៅត្រឹម​ឆ្នាំ​២០២៥ ខាងមុខ​៕/V​