ដោយៈ សុផល / តាកែវៈ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ២ និង ២២ សម្រេចលទ្ធផលការងារ បាន ៧៦,២០% គិតត្រឹមថ្ងៃទី២៥ ខែមេសា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផ្នែកខ្លះនៃផ្លូវ មិនមានគុណភាព ស្របតាមស្តង់ដារ បច្ចេកទេស ហើយកំពុងទាមទារឱ្យក្រុមហ៊ុនសាងសង់ មានការកែតម្រូវឡើងវិញ ឱ្យបានត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ២ និង២២ ដោយមានការ ចូលរួមពី អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
ការចុះពិនិត្យនេះ បានធ្វើឡើង កាលពីចុងសប្តាហ៍ កន្លងទៅ ក្នុងគោលបំណងពិនិត្យ មើលគុណភាព និងវឌ្ឍនភាព នៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស អនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ ដែរ ឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែម ដល់ភាគីសាងសង់ ដែលអាចធានាដល់ ការសាងសង់ផ្លូវ បានរឹងមាំ ប្រើប្រាស់ បានយូរអង្វែង។
ក្រោយពីការធ្វើតេស្ត លក្ខណៈបច្ចេកទេស ជាលទ្ធផល ក្រុមការងារបច្ចេកទេសរបស់ ក្រសួង បានរកឃើញថា ផ្នែកខ្លះនៃផ្លូវនេះ មិនមានគុណភាព ស្របតាមស្តង់ដារ បច្ចេកទេស ហើយលោកទេសរដ្ឋមន្ត្រី បានដាក់កំហិតឱ្យ ក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញ ឱ្យបានត្រឹមត្រូវ តាមសៀវភៅកិច្ចសន្យា ទើបក្រសួងអាចទទួល យកបាន។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ ក្រុមហ៊ុនសាងសង់ មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ ជាមូលហេតុដែលនាំឱ្យការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មិនអាចបញ្ចប់តាមកិច្ចសន្យាកំណត់ មិនមែនបណ្តាលមកពី បញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ ក្រុមហ៊ុននោះទេ និងបានបញ្ជាក់ពីគោលជំហរ ក្នុងការពង្រឹងការគ្រប់គ្រង លើការសាងសង់ ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផ្លូវនេះ ជាប់បានយូរ។
ក្រោយធ្វើតេស្តរកឃើញ ភាពមិនប្រក្រតី លោកទេសរដ្ឋមន្ត្រី បានពន្យារពេល ឱ្យក្រុមហ៊ុន សាងសង់ រហូតដល់ខែសីហា ឆ្នាំ២០២២ ដើម្បីបញ្ចប់ការងាររបស់ខ្លួន ជាស្ថាពរ និងបានជំរុញឱ្យ ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ធ្វើតេស្តគុណភាព ឱ្យបានច្រើនកន្លែង ថែមទៀត ចាប់ពីដើមទី រហូតដល់ចប់ ដើម្បីបញ្ជាក់ឱ្យដឹងថា ផ្លូវនេះ គ្មានគុណភាព តាមអ្វីដែលក្រសួងចង់បាន។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅតាមដងផ្លូវនេះ មានការអធ្យាស្រ័យ ចំពោះការអូស បន្លាយ ពេលយូរ ចំពោះការសាងសង់ផ្លូវនេះផងដែរ។
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពការងារ នៃគម្រោងសាងសង់ពង្រីក និងលើកកម្ពស់គុណភាព ផ្លូវជាតិលេខ២ និង ២២ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្រេចលទ្ធផលការងារ បាន ៧៦,២០%។
សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និង ផ្លូវជាតិលេខ២២ នេះ បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្លូវនេះ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះ កំណាត់ផ្លូវជាតិ លេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិ លេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តតាកែវ ។
គម្រោងនេះ គ្រោងចំណាយថវិកា ៥៦,១ លានដុល្លារសហរដ្ឋអាមេរិក ដែលជា ហិរញ្ញប្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ ដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយ ពេលសាងសង់ ៣០ ខែ គិតចាប់ពីចុងឆ្នាំ២០១៩ ។
ការស្ថាបនាផ្លូវជាតិទាំង ពីរខ្សែ ខាងលើ ចែកចេញជាបីផ្នែក រួមមាន៖
ផ្នែកទី១-កំណាត់ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថីសម្តេច តេជោ ហ៊ុនសែន មានប្រវែង ៤,៣៤ គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវ រហូតដល់ ២០ ម៉ែត្រ ដោយក្រាលបេតុង កៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសង ខាងទទឹង ០,៥ ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គី ឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវ រហូតដល់ ២០,៥០ ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដ ទទឹងសរុប ១៤ ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្ម ពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២ គីឡូម៉ែត្រ ត្រូវពង្រីកទទឹង ផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍ សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយ គំនូសចែក ទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ក្រោយបញ្ចប់គម្រោងជាស្ថាពរ ផ្លូវនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើរ និងប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា សម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់តំបន់ នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕/V