ដោយៈ​សុផល​/​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ សមិទ្ធផល​ជាច្រើន​ដែល​រួមមាន អគារសិក្សា​សង់​អំពី​ថ្ម ប្រក់​ក្បឿង ចំនួន ១​ខ្នង ៤​បន្ទប់​អគារ​ទីចាត់ការ  និង បណ្ណាល័យ សង់​អំពី​ថ្ម ប្រក់​ក្បឿង ចំនួន ១​ខ្នង ២​បន្ទប់​បង្គន់​អនាម័យ ចំនួន ១​ខ្នង ៤​បន្ទប់ ព្រមទាំង​របង​ជុំវិញ​ដងទង់​ជាតិ ការចាក់ដី​បំពេញ​ថែមទៀត​ក្នុង​បរិវេណ​សាលា ដែលជា​អំណោយ​ចូលរួម​កសាង​សាលា របស់ អ្នកឧកញ៉ា តាំង ផេង​ប៉ោ និង​លោកជំទាវ ឃុន ណៃ ព្រមទាំង​បុត្រាបុត្រី រួមជាមួយ​សប្បុរសជន​ដទៃទៀត បាន​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ និង លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ទីតាំង សាលាបឋមសិក្សា​ថ្គាម​រមាស ស្ថិតនៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធន៍ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ថ្លែងថា ៖​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ។ ចក្ខុវិស័យ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​អប់រំ សម្រួល​ដល់​សិស្សានុ សិស្ស ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​ងាយស្រួល និង​មានឱកាស​នៅ​រៀនសូត្រ​សមតា​ម​បំណងប្រាថ្នា​។​

​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បានបង្ហាញ​សេចក្តី​រីករាយ​និង​សរសើរ​នូវ​ទឹកចិត្ត​ដែល​អ្នកឧកញ៉ា តាំង ផេង​ប៉ោ និង​លោកជំទាវ ឃុន ណៃ បានរួម​ចំណែក​ជួយ​នូវ​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​។ លោក អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​តែងតែមាន​មនោសញ្ចេតនា ស្រលាញ់​រាប់អាន ដល់​បងប្អូន សិស្សានុសិស្ស និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក សព្វបែបយ៉ាង ក្នុង​ខេត្ត​ទាំងមូល​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា និង​គោលដៅ​ទី​៤​នៃ​គោល ដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​អភិបាលខេត្ត បាន​បន្តថា​បច្ចុប្បន្ន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កំពុងមាន​អភិវឌ្ឍ​គ្រប់​ទីកន្លែង​ដូចជា​៖ មាន​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព ព្រមទាំង​អគារ​សំណង់ ដើម្បី​ឆ្លើយតប​តាម​ការ​សំណូមពរ​របស់​ពលរ​ដ្ឋ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រាជរដ្ឋាភិបាល​កំពុង​ជំរុញ ការយកចិត្ត​ទុក្ខ​ដាក់​ត​បណ្តាញ​ពង្រីក​សេ​វ៉ា​ពី​ក្រុង​មក​ជនបទ​ស្ទើ​គ្រប់​ទីកន្លែង​ទៅហើយ​។​

​ក្នុងឱកាស​នោះ​ផងដែរ អ្នកឧកញ៉ា តាំង ផេង​ប៉ោ និង​លោកជំទាវ ឃុន ណៃ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​លោក បានរួម​ចំណែក​ជួយ​ដល់​សង្គមជាតិ និង តែងតែ​ចូលរួម​សកម្មភាព​សប្បុរស​ជូន​សង្គម​ជាច្រើន​ដូចជា សាងសង់​អគារសិក្សា និង​ឧបត្ថម្ភ​សម្ភារៈ​រូបវ័ន្ត​ផ្សេងៗ ដើម្បី​ដោះស្រាយ​ទៅនឹង​សំណូមពរ​រៀនសូត្រ​របស់​សិស្សានុសិស្ស​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល ស្របទៅតាម​ការអនុវត្ត​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ។

​នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​អ្នកឧកញ៉ា បាន​ចូលរួមចំណែក​ជួយ​ដល់​សង្គមជាតិ ជាពិសេស​ជួយ​ដល់​សិស្សានុសិស្ស ឲ្យ​ទទួលបាន​នូវ​ថ្នាក់រៀន​ប្រកបដោយ​ផាសុកភាព ដែល​ជួយ​ជំរុញ​ឲ្យ​ការសិក្សា​របស់​ពួកគាត់​កាន់​តែមាន​ភាពងាយស្រួល និង​ល្អ​ប្រសើរឡើង​។​

​អ្នកឧកញ៉ា​មានប្រសាសន៍ថា​៖ « ខ្ញុំ​តែងតែមាន​សេចក្តី​រីករាយ​ក្នុងការ​រួមចំណែក​លើ​វិស័យ​អប់រំ​និង​សំណង់ ព្រោះ​ការសាងសង់​អគារសិក្សា ដ៏​មានគុណ​ភាពរឹងមាំ និង​សុវត្ថិភាព​ខ្ពស់ តែងតែ​ជា​សកម្មភាព​មួយ​ដ៏​ល្អ​ប្រពៃ​បំផុត ព្រោះ​ប្អូនៗ​នឹង​ទទួលបាន​ឱកាស​សិក្សា​គ្រប់ៗ​គ្នា ដែលជា​កត្តា​ជម្រុញ​មួយ​ដល់​ការអភិវឌ្ឍន៍​ប្រទេស ដូចនេះ ខ្ញុំ​ស​ង្ឍឹ​ម​ថា​ការរួមចំណែក​មួយ​នេះ នឹង​ជា​គម្រូ​ផ្តល់​ផល​ជា​វិជ្ជមាន​យូរអង្វែង​ដល់​កុមារា​កុមារី​គ្រប់​ជំនាន់​ក្រោយ​»​។​

​ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​អប់រំ​តាម​ឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​សហគមន៍​មាតាបិតា​សិស្ស លោក​អភិបាលស្រុក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់ជំនួយ ដែល​បាន​ផ្តល់នូវ​អគារ​អប់រំ​ដ៏​រឹងមាំ​នាពេលនេះ និង​សូម​សន្យាថា​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ឱ្យចំ​គោលដៅ និង​ថែរក្សា​ឱ្យបាន​គង់វង្ស​យូរ អង្វែង​៕Ph