ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​សិក្សា​លើ​គម្រោង​ជីកស្ដារព្រែក ភ្ជាប់​ទៅ​កំពង់ផែ​សមុទ្រ​កែប ដើម្បី​បើក​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ពី​ដង​ទន្លេ​នានា ទៅកាន់​កំពង់ផែ​សមុទ្រ ដែល​យើង​ចង់បាន​ការដឹកជញ្ជូន តាមផ្លូវ​ទឹក ឲ្យ​អស់​លទ្ធភាព ដែល​កម្ពុ​ជាមាន​សក្ដានុពល​ផ្លូវទឹក​ជាច្រើន នៅ​មិនទាន់បាន​ប្រើប្រាស់ ។​

​នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន នៅពេល​លោក ដឹកនាំ​មន្ត្រី​ជំនាញ ចុះទៅពិនិត្យ​វឌ្ឍនភាព នៃ​ការសាងសង់​កំពង់ផែ រណប​ពហុ​បំណង (TS11) ចំណុះឱ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ មេសា ស្ថិតនៅ​ប្រប​ទន្លេសាប សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​លោក ស៊ុន ចាន់ថុល​បាន​មានប្រសាសន៍ថាៈ ” យើង​ចង់បាន​ការដឹកជញ្ជូន តាមផ្លូវ​ទឹក ឲ្យ​បាន​ច្រើន និង​សម្បូរបែប ដែល​ការដឹកជញ្ជូន​ផ្លូវទឹក​នេះ នឹង​កាត់បន្ថយ​ការស្ទះ​ចរាចរ​, កាត់បន្ថយ​ការ​ខូច​ផ្លូវ ចំណេញ​ពេលវេលា និង​ចំងាយ​ផ្លូវ ចំណេញ​ថវិកា ។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ ” យើង​មានលទ្ធភាព​ប្រើប្រាស់ ទឹកទន្លេ​មេគង្គ ទាំង​ការដឹកជញ្ជូន និង​ការប្រើប្រាស់ ក៏ដូចជា ការស្រោចស្រព ផលដំណាំ​ផងដែរ ” ។

​លោក ស៊ុន ចាន់ថុល បាន​បន្ថែមថាៈ ” យើង​នឹងមាន​កំពង់ផែ​រណប ចំនួន ៧ កន្លែង រួមមាន TS11, កោះ​រកា​, ព្រែក​តា​ម៉ាក់​, កំពង់ឆ្នាំង​, ឆ្លូង​, ទន្លេ​បិទ​, និង​ចំណត​ផែ​កុងតឺន័រ (LM17) ។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​គម្រោង​សាងសង់ ស្តារ​ព្រែក អូរ​អំបិល ទៅដល់​ខេត្ត​កែប ហើយ​តាម​ការសិក្សា​ជំហាន​ដំបូង បញ្ជាក់ថា មាន​ប្រវែង ១៦៨ គីឡូម៉ែត្រ ។ ក្នុង​ប្រវែង ១៦៨ គីឡូម៉ែត្រ​នេះ មាន​ប្រហែល ១១៥ គីឡូម៉ែត្រ ជា​ផ្លូវទឹក ដែល​អាចធ្វើ​ដំណើរ​បាន ទាំង​ខែប្រាំង និង​វស្សា​។​

​ជាមួយគ្នា​នោះ លោក សៅ សា​វ័​ន្ត នាយក​ក្រុមហ៊ុន (PTLS) បាន​ឲ្យ​ដឹងថាៈ កំពង់ផែ​នេះ ជា​ចរន្ត​ដឹកជញ្ជូន​ទំនិញ យ៉ាងសំខាន់ ក្នុងការ​ប្រមូល និង​ការដឹកជញ្ជូន​ទំនិញ ក្នុង​និង​ក្រៅ​ស្រុក ព្រោះ​កំពង់ផែ​នេះ ជា​ចំណុច​បេះដូង​នៃ​ប្រទេស​។​

​លោក​បាន​បន្តថាៈ កំពុងផែ​នេះ ស្ថាបនា​បាន​ប្រមាណ ៨០% ហើយ ដោយ​គ្រោង​នឹង បើកសម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២២ ខាងមុខនេះ ដែល​នេះ​ជា​កិច្ចសហការ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដែល​រដ្ឋ​មាន​ទីតាំង ឯ ឯកជន មាន​ថវិកា​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​៕/V​