ដោយ​: ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ IOM បានបង្ហាញ​គោលជំហរ​រួមគ្នា​ពី​កិច្ចសហប្រតិបត្តិការ និង​កិច្ច​គាំពារ​ទៅលើ​ពលករ​ទេសន្តរប្រវេសន៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នៅ​កម្ពុជា​។​

​ការបញ្ជាក់​ពី​ជំហរ​រវាង​ភាគី​ទាំងពីរ​បែបនេះ​ធ្វើឡើង​នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ ២០២២ បន្ទាប់ពី​លោកស្រី Nenette Motus នាយក​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​លោកស្រី KRISTIN PARCO ប្រធាន​បេសកកម្ម​អង្គការ IOM ប្រចាំ​នៅ​កម្ពុជា ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើសុំ​ការឯកភាព​គាំទ្រ​ពី លោក​រដ្ឋមន្ត្រី លើ​ការអនុវត្ត គម្រោង PROMISE ក្នុង​ជំហាន​ទី​២ បន្តទៀត (​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ ដល់ ខែសីហា ឆ្នាំ​២០២៥)​។

​គួរ​បញ្ជាក់ថា​គម្រោង កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព ការកសាង​ជំនាញ និង​លើកកម្ពស់​ការរក​ការងារ​អោយធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ភូមា និង​ថៃ (PROMISE) ក្នុង​ជំហាន​ទី​១ ដែល​បាន​អនុវត្ត​នាពេល​កន្លងមក​(​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដល់ ខែសីហា ឆ្នាំ​២០២១) ត្រូវបាន​បញ្ចប់​។​

​លោកស្រី Nenette Motus បាន​គូសបញ្ជាក់​ពី គម្រោង PROMISE ដែលជា​កម្មវិធី​ថ្នាក់​តំបន់ អនុវត្ត​ក្រោម​ការដឹកនាំ​របស់​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ដោយ​ទទួលបាន​ការគាំទ្រ​ពី​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ (SDC)​។ គម្រោង​នេះ​មាន​រយៈពេល ៨​ឆ្នាំ ចែកជា​ពីរ​ដំណាក់កាល​ដំណាក់កាល​ទី​១ ៖ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដល់ ខែសីហា ឆ្នាំ​២០២១, ដំណាក់កាល​ទី​២ ៖ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ ដល់ ខែសីហា ឆ្នាំ​២០២៥​។​

​នៅ​ចន្លោះ​ឆ្នាំ ១៩៩៨-២០០២ លោកស្រី​ធ្លាប់ជា​ប្រធាន​អង្គការ IOM ប្រចាំ​ប្រទេស​កម្ពុជា ហើយ​លោកស្រី​ពិតជា​មាន​ក្តី​រីករាយ​ជាខ្លាំង​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សារជាថ្មី ដោយ​លោកស្រី​មើលឃើញថា កម្ពុជា​មានការ​រីកចម្រើន​ប្លែក​ពីមុន​ច្រើន ជាពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ឃើញថា​មាន​វឌ្ឍនភាព​ច្រើន​ផងដែរ​។ ខណៈ​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​កិច្ចប្រជុំ​អាស៊ាន​សម្រាប់​ឆ្នាំនេះ អង្គការ IOM ចង់​ផ្តល់​ការគាំទ្រ​លើ​បញ្ហា បច្ចេកទេស និង​ឯកសារ​មួយចំនួន ក្នុងករណី​មាន​របៀបវារៈ ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ ស្តីពី​ពលករ​ទេសន្តរប្រវេសន៍​នេះ និង​ផ្តល់ជំនួយ​បច្ចេកទេស​លើ​គោលនយោបាយ​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា​ផងដែរ​។

​ឆ្លើយតប​នឹង​ការជួយ​របស់ IOM លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន បញ្ជាក់ថា ចំពោះ​កិច្ចប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ឆ្នាំនេះ ពិតជា​មិនអាច​រំលង​ពី​ប្រធានបទ ព័ន្ធ​ពាក់​ទៅនឹង​ពលករ​ទេសន្តរប្រវេសន៍​នេះឡើយ ដូច្នេះ បាន​ខាង​អង្គការ IOM ផ្តល់​ការគាំទ្រ​ជួយ​លើ​បញ្ហា​បច្ចេកទេស និង​ឯកសារ​ផងដែរ​នោះ វា​ផ្តល់នូវ​ធាតុ​ចូល​កាន់តែច្រើន​បន្ថែមទៀត សម្រាប់ធ្វើ​ការដោះស្រាយ​នូវ​ចំណុច​ប្រឈម​មួយចំនួន​ដែល​ត្រូវធ្វើ​ការដោះស្រាយ​រួមគ្នា ។ សម្រាប់​គោលនយោបាយ​ទេសន្តរប្រវេសន៍ ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានធ្វើការ​ជាមួយ អង្គការ ILO លោក​រដ្ឋមន្ត្រី ចង់ឃើញ​គោលនយោបាយ​មួយ​នេះ ក្លាយជា​គោលនយោបាយ​ជាតិ ដោយមាន​ការអនុម័ត​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​កម្ពុជា​ក៏ត្រូវ​ការជួយជ្រោមជ្រែង​បន្ថែម​ពី​ខាង IOM និង​ដៃគូ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ឲ្យ​គោលនយោបាយ​នេះ កាន់តែ​រឹងមាំ និង​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​ពលក​រ​ទេសន្តរប្រវេសន៍​។

​លោក​បណ្ឌិត អ៊ិត សំហេង ឯកភាព​គាំទ្រ និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ IOM ក្នុងការ​អនុវត្ត​គម្រោង PROMISE សម្រាប់​ជំហាន​ទី​២ បន្តទៀត​។​

​សូមបញ្ជាក់ថា​ចំណុច​មួយទៀត ដែល​ភាគី​ទាំងពីរ​យកមក​ពិភាក្សា​ផងដែរ ទៅលើ​កិច្ចប្រជុំ នៃ​តំបន់​មេគង្គ ស្តីពី​ពលករ​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព ដែល​កម្ពុជា​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ ដែល​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នា​ខែ ឧសភា ឆ្នាំ​២០២២ ខាងមុខនេះ ក្រោម​ការជួយឧបត្ថម្ភ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​៕