ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លីង​កិន​បាន​និយាយថា រុស្ស៊ី​នឹង​បរាជ័យ​ក្នុង​ការសំរេច​គោលដៅ​នៃ​សង្គ្រាម​របស់ខ្លួន ហើយ​«​អ៊ុយ​ក្រែ​ននឹង​ទទួល​ជោគជ័យ​»​។​

​ការអះអាង​យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុងអំឡុងពេល​លោក​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡយ អូ​ស្ទីន បានធ្វើ​ទស្សនកិច្ច​មក​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែន​យ៉ាងស​ម្ងាត់​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មេសា​​ដែលជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​លើកដំបូង​នៅ​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាលពី​ចុងខែ​កុម្ភៈ​។​

​រដ្ឋមន្ត្រី​អាម៉េរិក​ទាំង​ពីរ​រូប​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​ហ្សេ​លេន​ស្គី​និង​ទីប្រឹក្សា​របស់​គាត់​ថា អាម៉េរិក​នឹង​ផ្តល់​ជំនួយ​ជាង​៣០០​លាន​ដុល្លារ​ទៀត នៅក្នុង​ហិរញ្ញប្បទាន​យោធា​បរទេស ហើយ​​បានអនុម័ត​ការលក់​គ្រាប់រំសេវ​តំលៃ​១៦៥​លាន​ដុល់​អ៊ុ​យក្រែន​។​

​លោក​ប្លីង​កិន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្បែរ​ព្រំដែន​ប៉ូឡូញ​-​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ចន្ទទី​២៥​មេសា​ថា « យើង​មាន​ឳ​កាស​បង្ហាញ​ការគាំទ្រ​មាំទាំ​ដោយ​ផ្ទាល់​របស់​យើង​សំរាប់​រដ្ឋាភិបាល​និង​​ប្រជាជន​អ៊ុ​យក្រែន​។​តាម​ការ​វិនិច្ឆយ​របស់​យើង នេះ​ជា​ពេល​សំខាន់​មួយ​ដើម្បី​មក​ទៅ​ទីនោះ​និង​ជួប​ពិ​ភក្សា​ទល់មុខ​គ្នា​អោយ​លម្អិត​»​។​

​អូ​ស្ទី​ន​និង​ប្លីង​កិន ប្រាប់​អ្នកយកព័ត៌មាន​នៅ​ប៉ូឡូញ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ដំណើរ​វិល​មក​ពី​ទីក្រុង​គៀវ​

​លោក​បាន​សរសើរ​«​សេចក្តីក្លាហាន​និង​ភាពជា​អ្នកដឹកនាំ​​​ដ៏​ពិសេស​ហើយនឹងជោគជ័យ​ដែល​អ្នក​បាន​វាយ​រុញច្រាន​ការឈ្លានពាន​របស់​រុស្ស៊ី​»​និង​ថា​អ្នកការទូត​អាម៉េរិក​កំពុល​វិល​មក​កាន់​អ៊ុ​យក្រែន​​ដើម្បី​រៀបចំ​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ល្វីវ​ក្បែរ​ប៉ូឡូញ​ឡើង​វិញ​មុន​បន្ត​ទៅ​ធ្វើដូចគ្នានៅទីក្រុង​គៀវ​។​

​ចំណែក​លោក​អូ​ស្ទីន​បាន​និយាយថា ចម្លើយ​តប​របស់​លោក​ហ្សេ​លេន​ស្គី​ចំពោះ​ជំនួយនេះគឺការអោយ​តំលៃ​ខ្ពស់​បំផុត​ចំពោះ​អ្វី​ដែល​ត្រូវបាន​ផ្តល់អោយ តែ​«​លោក​គិតថា ពួក​គេ​ចង់​ឈ្នះ​ហើយ​យើង​ក៏​គិត​ថា​​យើង​ចង់​ជួយ​ពួកគេ​អោយ​ឈ្នះ​។​តាមពិត ពិភពលោក​ត្រូវ​បាន​ញ៉ាំង​ទឹកចិត្ត​ដោយ​អ៊ុយ​ក្រែន​នៅក្នុង​សង្គ្រាម​នេះ ។​អាម៉េរិក​នឹង​បន្ត​គាំទ្រ​។​អ្វី​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​ការ​វាយ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​នៅ​ទីក្រុង​​គៀវ​ពិសេស​ណាស់​»​។​

​ប្រធានាធិបតី​ហ្សេ បាន​ប្រកាស​កាលពី​ថ្ងៃ​សៅ​រ៍ថា លោក​នឹងទទួល​ជួប​មន្ត្រី​អាម៉េរិក​ទាំង​ពីរ​រូបខាងលើ​​នៅ​ទីក្រុង​គៀវ​នៅ​ថ្ងៃអាទិត្យ តែ​រដ្ឋាភិបាន​អាម៉េរិក​បដិសេធ​មិន​បញ្ជាក់​និង​មិន​ព្រម​និយាយ​លម្អិត​អំ​​ពី​ដំណើរ​ទស្សនកិច្ច​នេះ ។​ចំណែក​អ្នកកាសែត​ដែល​អមដំណើរ​មន្ត្រី​អាម៉េរិក​ទាំងពីរ​ក៏​ត្រូវបាន​ហាម​មិនអោយ​និយាយ​អំពី​ដំណើរ​ទៅកាន់​អ៊ុយ​ក្រែន​ដែរ ដោយ​ទំនងជា​មាន​ការបារម្ភ​អំពី​សន្តិសុខ​។​

​លោក​អូ​ស្ទី​ន​និង​ប្លីង​កិន បាន​ប្រកាស​ផ្តល់​ហិរញ្ញប្បទាន​យោធា​បរទេស​សរុប​៧១៣​លាន​ដុល្លារ​សំរាប់​អ៊ុ​យក្រែន សម្ពន្ធមិត្ត​និង​ដៃគូ​ចំនួន​១៥​ប្រទេស ក្នុងនេះ៣២២​លាន​ដុល្លា​រលៃ​ទុក​សំរាប់​អ៊ុ​យក្រែន​។​លុយ​​នៅសល់​នឹងត្រូវ​បែងចែក​ក្នុងចំណោម​សមាជិក​អង្គការ​ណា​តូ​និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ផ្តល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែន​ចាប់តាំងពី​ពេល​ផ្ទុះ​សង្គ្រាម​មក​។​

​ជំនួយ​ថ្មី​នេះ​រួម​បញ្ចូល​ទាំង​ការលក់​គ្រាប់រំសេវ​មិន​ផលិត​នៅ​អាម៉េរិក​តំលៃ​១៦៥​លាន​ដុល្លារ​ដែល​ត្រូវ​គ្នា​នឹង​សព្វាវុធ​សម័យ​សូវៀ​តដែល​កងកម្លាំង​អ៊ុ​យក្រែន​កំពុងប្រើ​។​វា​នឹង​នាំ​អោយ​ជំនួយ​យោធា​អាម៉េរិក​​សំរាប់​អ៊ុយ​ក្រែន​ឡើងដល់​៣,៧​ពាន់​លាន​ដុល្លារ​តាំងពី​ពេល​រុស្ស៊ី​វាយ​ចូល​អ៊ុយ​ក្រែន​កាលពី​ចុងខែ​កុម្ភៈ​៕

​រូប​បញ្ចេញ​ដោយ​ការិយាល័យ​ប្រធានាធិបតី​អ៊ុ​យក្រែន និង​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​ចន្ទ ទី​២៥​មេសា បង្ហាញ​ប្រធានាធិបតី​អ៊ុយ​ក្រែន​ជួប រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​អាម៉េរិក​នៅ​ទីក្រុង​គៀវ​