ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទទី២៥មេសាថា ស្ត្រីជនជាតិជប៉ុនម្នាក់ដែលគេទទួលស្គាល់ថាជាមនុស្សចាស់ជាងគេបំផុតរបស់ពិភពលោកបានស្លាប់នៅអាយុ ១១៩ ឆ្នាំ។
លោកយាយ កាណេ តាណាកា (Kane Tanaka) កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩០៣ នៅតំបន់ហ្វ៊ុយគូអូកា (Fukuoka) ភាគនិរតីនៃប្រទេសជប៉ុន ជាឆ្នាំតែមួយដែលបងប្អូនប្រុសឈ្មោះរ៉ាយ (Wright) បានហោះហើរជាលើកដំបូង ហើយ ម៉ារី ឃួរី (Marie Curie) បានក្លាយជាស្ត្រីដំបូងគេដែលឈ្នះពានរង្វាន់ណូបែល។
លោកយាយតាណាកាមានសុខភាពល្អរហូតមកដល់ពេលថ្មីៗនេះ ហើយបានរស់នៅមណ្ឌលថែទាំមួយ ទីដែលលោកយាយចូលចិត្តលេងល្បែងអុក ដោះស្រាយលំហាត់គណិតវិទ្យា ពិសាសូដា និងសូកូឡា។
ពេលនៅវ័យក្មេង លោកយាតាណាកាបានបើកអាជីវកម្មផ្សេងៗរួមមានហាងគុយទាវនិងហាងនំប៉ាវ។ លោកយាយបានរៀបការជាមួយលោកតា ហ៊ីដេអូ តាណាកា (Hideo Tanaka) ក្នុងឆ្នាំ ១៩២២ ដោយបង្កើតបានកូនបួននាក់និងចិញ្ចឹមកូនទីប្រាំ។
លោកយាយមានគម្រោងប្រើរទេះរុញដើម្បីចូលរួមក្នុងការបញ្ជូនបណ្តាក់ភ្លើងគប់អូឡាំពិកក្រុងតូក្យូក្នុងឆ្នាំ ២០២១ ប៉ុន្តែជំងឺរាតត្បាតបានរារាំងលោកយាយមិនឱ្យធ្វើដូច្នេះបាន។
នៅពេលដែលសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេសទទួលស្គាល់លោកយាយជាមនុស្សចាស់ជាងគេដែលនៅរស់ក្នុងឆ្នាំ ២០១៩ លោកយាយត្រូវបានសួរថាតើពេលវេលាណាដែលលោកយាយសប្បាយចិត្តបំផុតក្នុងជីវិត។ ចម្លើយរបស់គាត់គឺ “ពេលវេលាបច្ចុប្បន្ន”។
ទម្លាប់ប្រចាំថ្ងៃរបស់លោកយាយគឺភ្ញាក់ពីគេងនៅម៉ោង ៦:០០ ព្រឹក ហើយពេលរសៀលចំណាយពេលសិក្សាគណិតវិទ្យានិងអនុវត្តការសរសេរអក្សរផ្ចង់៕
លោកយាយ កាណេ តាណាកាស្លាប់នៅអាយុ១១៩ឆ្នាំនៅថ្ងៃចន្ទនេះ