ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតកម្មវិធី ស្វែងយល់អំពីការបោះឆ្នោតនេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ ដឹងក្នុងស្រទាប់មហាជននៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែមេសា បានឲ្យដឹងថា កម្មវិធី ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះនឹងត្រូវបានធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈការធ្វើវិមជ្ឈការការងារអប់រំម្ចាស់ឆ្នោតជូន គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់ ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់រយៈពេល ៣៥ថ្ងៃ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត។
កម្មវិធីនេះ គឺជាការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃ ទៀត ធ្វើការស្វែងយល់ ស្រាយចម្ងល់របស់ខ្លួន និងត្រៀមខ្លួនទៅបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា៕/PC