ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក ប៉ា​ប្លូ កាង ( PABLO KANG)​បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ រាជធានី​ភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល ដែល​ទប់ស្កាត់​នូវ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ ពិសេស​គឺ​ការចាក់​វ៉ាក់សាំង​ជូន ប្រជាពលរដ្ឋ កម្ពុជា​បាន​យ៉ាង​ល្អ ដែល​ធ្វើអោយ​ជម្ងឺ​នេះ​មិន​រីក​រាលដាល​ធ្ងន់ធ្ងរ​។​

​ការកោតសរសើរ​បែបនេះ​របស់ លោក ប៉ា​ប្លូ កាង បានធ្វើ​ឡើង​នា​រសៀល ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​នេះ ខណៈ​លោក​បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ប៉ា​ប្លូ កាង បានបញ្ជាក់​ផងដែរ​ថា សម្រាប់​រាជធានី​ភ្នំពេញ ការចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ពិតជា​បានល្អ​ប្រសើរ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាល ដាល​ជំងឺ​នេះ ហើយ​ខណៈដែល​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ រីក​រាលដាល​-១៩​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ គឺ​ពិតជា​គ្រប់គ្រង​បាន​យ៉ាង​ល្អ ប្រសើរ​ដែល​ធ្វើ​ឲ្យ​អត្រា​នៃ​ការឆ្លង​ជំងឺ​នេះ​មាន​លក្ខណៈ​ធូ​ស្រាល មិន​ធ្ងន់ធ្ងរ ដូច​បណ្ដា​ប្រទេស​មួយចំនួន​ឡើយ​។​

​លោកប៉ា​ប្លូ កាង ក៏បាន​លើកឡើង​ផងដែរ​ថា សម្រាប់​អូស្ត្រាលី និង​ធ្វើការ​សិក្សា បន្ថែម​ទៅលើ​ទីក្រុង​វ័យឆ្លាត​សម្រាប់​រាជធានី​ភ្នំពេញ​។ បន្ថែម​ពីនេះ​លោកប៉ា​ប្លូ កាង ក៏បាន​សំដែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ផងដែរ ចំពោះ​ការអភិវឌ្ឍ រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះ បាន​មាន ប្រសាសន៍​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិតជា​អរគុណ ចំពោះ​ការជួយ របស់​អូស្ត្រាលី​ទៅលើ​ការ សិក្សា​ទៅលើ​ការរៀបចំ​នៅ​ទីក្រុង​វៃឆ្លាត អោយ​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ជួយ​ជ្រោមជ្រែង​គ្រប់​ការងារ​របស់​ស្ថានទូត​អូស្ត្រាលី ។ រដ្ឋបាល​រាជធានី ភ្នំពេញ​និង​ធ្វើការ​សហការ​ការងារ​ជាមួយ​ស្ថានទូត​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ខណៈដែល​កម្ពុជា​និង​អូស្ត្រាលី យើង​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ជាង​៧០​ឆ្នាំ​មកហើយ​។​

គួរ​បញ្ជាក់ថា អតីត​អគ្គមេបញ្ជាការ អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហ ប្រជាជាតិ នៅ​កម្ពុជា (​អ៊ុនតាក់​) លោក ឧ​ត្ត​ម​សេនីយ៍​ឯក ច​ន មូ​រ៉េ សាន់​ឌឺ​សុន ( John Murray Sanderson AC) និង​ភរិយា បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី ២៣ ខែមេសា ដល់​ថ្ងៃទី ២ ឧសភា ដើម្បី​អបអរ​ខួប​ទី​៣០​ឆ្នាំ នៃ​អ៊ុនតាក់ និង​ជា​ផ្នែក​មួយ​នៃ​ការអបអរ​ខួប​ទី ៧០​នៃ​ទំនាក់ទំនង​ការទូត រវាង​អូស្ត្រាលី និង​កម្ពុជា​។

​ពាក់ព័ន្ធ​និង​អ៊ុនតាក់​នេះ លោក​ឃួ​ង ស្រេង បាន​សម្ដែង​នូវ​ការ​អរគុណ ចំពោះ​អ៊ុនតាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​សម្រាប់​ក​ម្ពុ​ជា ដោយ ក្នុងនោះ​តួអង្គ​សំខាន់ ដែល​រក​សន្តិភាព​បាន​ពិតប្រាកដ​សម្រាប់​ប្រទេស កម្ពុជា​នោះ គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​/PC