ដោយៈ បាយ័ន / សៀមរាបៈ សមត្ថកិច្ចខេត្តសៀមរាប បានចុះបង្ក្រាបបទល្មើសជលផល នៅក្នុងដែនបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប បានចំនួន ៥៣ ករណី គឺប្រើក្នុង រយៈពេល ៤ខែ ដើមឆ្នាំ២០២២នេះ។
ក្នុងរយៈពេលនោះដែរសមត្ថកិច្ច ក៏បានបញ្ជូនជនល្មើស ចំនួន ៤ នាក់ ទៅតុលាការខេត្ត ដើម្បីចោទប្រកាន់ តាមផ្លូវច្បាប់ ។ ជាមួយគ្នានោះដែរ មានមនុស្ស ១១ នាក់ទៀត ត្រូវបានតុលាការ ចេញដីកាកោះហៅ មកសាកសួរបំភ្លឺ ពាក់ព័ទ្ធបទល្មើសនេសាទ ។
នេះបើយោងតាមការប្រជុំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីស្តាប់របាយការណ៍ ប្រចាំខែ ស្តីពីយុទ្ធនាការចុះបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បាននិយាយថាៈ បទល្មើសដែលបង្ក្រាបបាន រួមមាន បទល្មើសនេសាទនិងរក្សាទុក ឧបករណ៍អួនអូសទឹកសាប ២០ ករណី អាំងវ៉ិចទ័រឆក់ត្រី ៧ ករណី ឧបករណ៍បង្កើតថ្មី ”ប” ៤ករណី ដាក់សម្រាស់ធ្វើឲ្យត្រីកុំ ១ ករណី ឧបករណ៍នេសាទស្បៃមុង ២ ករណី និងបទល្មើសទន្ទ្រានដីព្រៃលិចទឹក ១៩ ករណី។ ក្នុងនោះ សមត្ថកិច្ច បានលែងកូនត្រីចម្រុះ ប្រមាណជាង ៧០ គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ ព្រមទាំងបានដកហូតវត្ថុតាង មួយចំនួន មករក្សាទុក និងមួយចំនួនទៀត ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននិយាយថាៈ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបទល្មើសជលផលនេះ អាជ្ញាធរខេត្ត បានបង្កើតក្រុមការងារចំនួន៦ ដែលក្រុមនីមួយៗ ដឹកនាំដោយអភិបាលរងខេត្តម្នាក់ ដើម្បីពិនិត្យ និងតាមដានបទល្មើសព្រៃលិចទឹក នៅតាមបណ្តាក្រុង ស្រុក ទាំង៦ ជាប់ដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
លោកបានបញ្ជាក់ថាៈ សម្រាប់ខេត្តសៀមរាប បឹងទន្លេសាប គឺជាតំបន់ដែលយើងត្រូវរួមគ្នា អភិរក្សការពារ ឲ្យបានល្អប្រសើរ ឱ្យដូចទៅនឹងតំបន់ប្រាសាទ និងតំបន់ព្រៃឈើ ការពារ ផងដែរ។
លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយ ថាៈ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ច អនុវត្តន៍ច្បាប់ មិនត្រូវធ្វេសប្រហែលឡើយ ជាពិសេស នៅរដូវបិទនេសាទ ដែលនឹងចូលមកដល់ នៅខែកក្កដា ខាងមុខនេះ៕/V