​ដោយៈ វណ្ណៈ / ព្រះសីហនុ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​សកម្មភាព អារ​ដៃ​ខ្លួនឯង ក្រោយមក បាន​លោត​សម្លាប់ខ្លួន នៅ​អាគារ​មួយកន្លែង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម ។ ករណីនេះ បានកើត​ឡើង នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ នេះ នៅ​ចំណុច​ជាន់​ទី​១៣ ក្នុង​សណ្ឋាគារ សុ​ី យ៉ា ធូ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ បុរស​ជនជាតិ​ចិន ខាងលើនេះ អាច​ប្រើប្រាស់​ថ្នាំញៀន លើស​កំរិត រហូត​គ្រប់គ្រង​សតិអារម្មណ៍ ខ្លួនឯង​លែង​បាន ឈានដល់​យក​កាំបិត​អារ​ដៃ បណ្តាល​ឲ្យ​មាន​របួស ក្រោយមក សម្រេចចិត្ត​លោត​សម្លាប់ខ្លួន ពី​ជា​ន់ទី​១៣ មក​ដី បណ្តាល​ឲ្យ​ស្លាប់ អត្ដ​ឃាត​ជននេះ មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​។​

​បច្ចុប្បន្ន សាកសព​បុរស​ជនជាតិ​ចិន ខាងលើ ត្រូវបាន​សមត្ថកិច្ច វេច​ខ្ចប់​យកទៅ​រក្សាទុក រង់ចាំ អនុវត្ត​បន្ត​តាម​នីតិវិធី និង​ប្រគល់ជូន​ស្ថានទូត​សា​មុ​ី បញ្ជូនទៅ​ស្រុកកំណើត​៕/V​