ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែងថា ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ដូ​ស​ទី​១ ដូ​ស​ទី​២ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាក់ វ៉ាក់សាំង​ដូ​ស​ជំរុញ​ទី​៣ និង​ទី​៤ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាកសាំង ឱ្យបាន​គ្រប់គ្នា ទៅតាម​ការជូនដំណឹង របស់​អាជ្ញាធរ ព្រោះ​ការចាក់​បាក់​សាំង បង្កើន​ភាពស៊ាំ​ក្នុង​ខ្លួន ធ្វើឱ្យ​យើង​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប្រសិនបើ​មានការ​ឆ្លង វា​មិនមាន​ហានិភ័យ ដល់​អាយុជីវិត​។​

​ការអំពាវនាវ​នេះ លោក ងួន រតនៈ បានលើកឡើង នៅក្នុង​ពិធី​សាកសួរ​សុខទុក្ខ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ នៅ​ស្រុក​ស្ទោង នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​។

​លើសពីនេះ​ទៀត លោក ងួន រតនៈ អភិបាលខេត្ត បាន​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ទាំងអស់ ដែល​មិនទាន់បាន ចាក់​វ៉ាក់សាំង ស្ម័គ្រចិត្ត​មក​ចូលរួម​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីត ១៩ ស្របតាម​ការអំពាវនាវ​របស់ សម្តេច​តេ​ជោ ព្រមទាំង​ថ្លែងអំណរគុណ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គិតគូរ​ពី​សុខុមាលភាព ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង សម្រាប់​ផ្តល់ជូន​បងប្អូន​ប្រជាពលរដ្ឋ គ្រប់រូប កន្លងមក រហូតដល់​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីត​១៩ មានការ​ថយចុះ យ៉ាង​ឆាប់រហ័ស ជាពិសេស​សម្តេច បាន​បើក​ឲ្យ​មានការ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ មានការ​ជួបជុំ​បងប្អូន មានការ​សប្បាយរីករាយ គ្រប់​វត្ត​អារាម គ្រប់​ទីកន្លែង​ទាំងអស់ ៕/V​