ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា​ក្រោយ​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព ម្ហូបអាហារ​នឹង​ចូល​ជា​ធរមាន​នឹង​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ទទួលយក​នូវ​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ​ថែមទាំង​ជំរុញ​ឲ្យ​ផលិតផល កម្ពុជា មានការ​ទទួលស្គាល់​ផងដែរ​នៅក្នុង​ទីផ្សារ​ពិភព​លោក។

​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ក្រោម​អធិបតីភាព របស់លោក កែប ជុតិមា ប្រធានស្តីទី​គណៈកម្មកា​រ​ទី​៩ នៃ​រដ្ឋសភា និង​មានការ​អញ្ជើញ​ចូលរួម​ពី​សមាជិក សមាជិកា នៃ​គណៈកម្មការ​ជំនាញ​រប​ស់​រដ្ឋសភា​ជាច្រើនរូប​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ នៅ​វិមាន​រដ្ឋសភា ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​មុន​ស្នើ​ដាក់បញ្ចូល ទៅក្នុង​របៀបវារៈ​សម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា នាពេល​ខាងមុខនេះ​។​

នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ខ្លឹមសារ​និង​អត្ថប្រយោជន៍ សំខាន់ៗ​ដែល​កម្ពុជា​អាច ទទួលបាន​នៅពេល​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​ចូល​ជា​ធរមាន​ដែល​រួមមាន​៖​បង្កើតបាន​នូវ​យន្តការ​គ្រប់គ្រង​ប្រតិបត្តិ​ករ​អាជីវកម្ម​ម្ហូបអាហារ នៅ​គ្រប់​ដំណាក់កាល​នៃ​ខ្សែចង្វាក់​ផលិតកម្ម និង​ធានាថា ផលិតផល​ម្ហូបអាហារ​ដែល​ចរាចរ​នៅលើ ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានគុណ​ភាព សុវត្ថិភាព និង​អនាម័យ​ល្អ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​,​កំណត់ លក្ខខណ្ឌ​តម្រូវ​ជា​មូលដ្ឋាន ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ម្ហូបអាហារ មាន​សុវត្ថិភាព គុណភាព និង​ស្របតាម​ស្តង់ដារ​កំណត់ សំដៅ​ធានា​កម្រិត នៃ​ការការពារ​អាយុជីវិត​និង សុខភាព​ប្រជាពលរដ្ឋ ធានា​ប្រសិទ្ធភាព​នៃ​ការការពារ​ផលប្រយោជន៍​អ្នក ប្រើប្រាស់ រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ជំរុញឱ្យមាន​ការអនុវត្ត​នូវ​វិធានការ អនាម័យ​និង​ភូតគាម​អនាម័យ ដើម្បី​កាត់បន្ថយ​របាំង​បច្ចេកទេស​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ពាណិជ្ជកម្ម​ម្ហូបអាហារ អន្តរជាតិ ដែលជា​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​កម្ពុជា​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​ម្ហូបអាហារ​របស់ខ្លួន ដោយ​ផ្អែក​តាម​គោលការណ៍​អភិក្រម​ហានិភ័យ​ដើម្បី​ទាក់ទាញ​វិនិយោគ​ជំរុញ​ប្រសិទ្ធភាព​នៃ​ការធ្វើ​ពិពិធ​កម្ម​នាំចេញ​ម្ហូបអាហារ និង​ធានាបាន​នូវ​ការប្រកួតប្រជែង​ប្រកបដោយ​សមធម៌​និង​យុត្តិធម៌​។​

 

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ជូន​អង្គប្រជុំ​ផងដែរ​ថា អំពី​លក្ខណៈពិសេស​នៃ​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​រួមមាន​ជា អាទិ៍​៖​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម និង​មាន​លក្ខណៈ​ពហុ​វិស័យ​ដែល​ចាំបាច់​តម្រូវឱ្យ​មានការ​ចូលរួម ពី​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ត្រូវ​ទទួលបន្ទុក​អនុវត្ត​ការគ្រប់គ្រង សម្របសម្រួល និង​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព នៅតាម​គ្រប់​ដំណាក់កាល​នៃ​ខ្សែចង្វាក់​ផលិតកម្ម​, សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​នឹង​បង្ក លក្ខណៈ​ឱ្យ​ប្រទេស​កម្ពុជា​រៀបចំ​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ម្ហូបអាហារ​ដែលមាន​លក្ខណៈ​ទំនើប​តាមរយៈ​ការកសាង​វិធីសាស្ត្រ​ទប់ស្កាត់​ជាមុន និង​ការត្រួតពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម ប្រសើរ​ជាង​ការត្រួតពិនិត្យ និង​វិភាគ​លើ​ផលិតផល​សម្រេច និង​សេចក្ដីព្រាងច្បាប់​នេះ នឹង​អនុញ្ញាតឱ្យ​កម្ពុជា​អាច​ទទួលយក​នូវ​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​ដើម្បី​កំណត់​ជា​បទ​ប្បញ្ញត្តិ បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ម្ហូបអាហារ ដើម្បី​អនុវត្ត​នៅតាម​ខ្សែចង្វាក់​ផលិតកម្ម​ម្ហូបអាហារ​ទាំងមូល​ចាប់ពី​ដំណាក់ កាល​ផលិត​ដំបូង ការកែច្នៃ ការដាក់​លក់ រហូតដល់​ការប្រើប្រាស់​ចុងក្រោយ ដែលជា​គោលការណ៍​មួយ​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ផលិតផល​កម្ពុជា ឱ្យមាន​ការទទួលស្គាល់​ក្នុង​ទីផ្សារ​ពិភព​ល‍លោក។​

​នៅពេល​បញ្ចប់​កិច្ចប្រជុំ លោក​ប្រធានស្តីទី​នៃ​គណៈកម្មការ សមាជិក សមាជិកា នៃ​គណៈកម្មការ​ជំនាញ​រប​ស់​រដ្ឋសភា បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ​និង​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ក្រុមការងារ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការខិតខំ​ប្រឹងប្រែង​លើ​ការរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ប្រកបដោយ​ជោគជ័យ​៕​សរន​