ដោយៈ​ប​.​ខុន​/ភ្នំពេញៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​តូចៗ​និង​ខ្លីៗ​ចំនួន​២៣​គម្រោង​ត្រូវបាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​សម្រេច​កំណត់​ជា​គម្រោង​អាទិភាព សម្រាប់ធ្វើ​ការអភិវឌ្ឍ​ក្នុង​ឆ្នាំ​២០២២ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិការដ្ឋ​ចំនួន​ប្រមាណ​៤១​ពាន់​លាន​រៀល​សម្រាប់​ត​ភ្ជាប់​មក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធំៗ​ចំនួន​៣៤​ខ្សែ​ដែល​បាន​សាងសង់​រួច​កាលពីពេល​ថ្មី​កន្លងទៅនេះ​។​

លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២២​ថា ហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវថ្នល់​តូចៗ​និង​ខ្លីៗ ដែល​ត្រូវធ្វើ​ការអភិវឌ្ឍន៍ នៅក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​គម្រោង​ផ្លូវធំៗ​ចំនួន​៣៤​ខ្សែ​នៅមាន​ចំនួន​ច្រើន តែ​ក្នុង​ឆ្នាំ​២២២​នេះ​យើង​ជ្រើសរើស​យកតែ​គម្រោង​ណា​ដែល​ចាំបាច់​ជា​អាទិភាព​។​គម្រោង​អាទិភាព​មាន​ចំនួន​២៣​គម្រោង​កំពុង​ត្រូវបានធ្វើ​ការអភិវឌ្ឍ​ជា​គម្រោង​ដែល​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ត្រូវការ​ចាំបាច់ សម្រាប់​ភ្ជាប់​ចរាចរ​ពី ក្នុង​មូលដ្ឋាន​ទៅកាន់​ផ្លូវធំៗ​ដែល​បាន​សាងសង់​រួច​។​

លោក​ ជ័យ វិមាន​រិ​ទ្ធិ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០២២​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ចំនួន​២៣​គម្រោង​ដែល​កំពុងតែធ្វើការ​អភិវឌ្ឍ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ឆ្នាំ​២០២២​នេះ​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋ​ចំនួន​ប្រមាណ​​៤១​ពាន់​លាន​រៀល ដែល​កំពុងតែធ្វើការ​សាងសង់​ដោយ​ក្រុមហ៊ុន​នានា​។​

គួរ​និយាយ​ឱ្យដឹងថា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​សំខាន់ៗ​ចំនួន​៣៤​ខ្សែ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវបាន​សាងសង់​រួចហើយ តែ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​តូចៗ​ខ្លីៗ​ត​ភ្ជាប់​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​នៅក្នុង​មូលដ្ឋាន​ភាគច្រើន​នៅ​មិនទាន់បាន​ធ្វើការ​អភិវឌ្ឍ​នៅឡើយ​ទេ​៕​srn