​ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​២៦ ខែមេសា បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៧ ខែមេសា​ដល់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២​ថា នៅក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​កម្រិត​ខ្សោយ​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​មហាសមុទ្រ​ឥណ្ឌា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​លាយឡំ​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សេចក្តីជូនដំណឹង​បាន​សរសេរ​លម្អិត​ថា ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤ ទៅ ២៦​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦​អង្សា​សេ​។ នៅ​ថ្ងៃទី​២៧ និង​២៨ ខែមេសា អាចមាន​ភ្លៀង​ដោយ​អន្លើ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម បន្ទាប់​ពីនេះ​បរិមាណ​ភ្លៀង​​នឹង​កើនឡើង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣ ទៅ ៣៥​អង្សា​សេ​។ នៅ​ថ្ងៃទី​២៧ និង​២៨ ខែមេសា អាចមាន​ភ្លៀង​ដោយ​អន្លើ​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ បន្ទាប់ពីនោះ​បរិមាណ​ភ្លៀង​នឹង​កើនឡើង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤ ទៅ ២៦​អង្សា​សេ សី​តុ​ណ្ណ​ភាព​អតិបរមា​មាន​ពី ៣៣ ទៅ ៣៥​អង្សា​សេ ។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​