​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា​ជម្លោះ​នៅ​អ៊ុយ​ក្រែន​អាច​រីក​រាលដាល​ទៅ​ជា​សង្គ្រាមលោកលើកទីបី និង​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ថា​លេងសើច​ជាមួយ​នឹង​​កិច្ច​ពិភាក្សា​រក​សន្តិភាព ។​

​ការព្រមាន​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែន​ដោយ​ផ្ទាល់​នៅ​ទីក្រុង​គៀវ​និង​ថា​កងកម្លាំង​អ៊ុយ​ក្រែន​អាច​ឈ្នះ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី​បើ​មាន​​សព្វាវុធ​គ្រប់គ្រាន់​។​

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​ព្រមាន​ថា ពិភពលោក​កុំ​មើលស្រាល​ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​

​ជម្លោះ​នេះ​នាំ​អោយ​ផ្ទុះ​ការគាំទ្រ​ពី​បណ្តា​ប្រទេស​លោកខាងលិច​ដែល​នាំ​គ្នា​បញ្ជូន​សព្វាវុធ​អោយ​អ៊ុយ​ក្រែន​ទប់ទល់​នឹងទាហានរុ​ស្ស៊ី​។​

​ថ្លែង​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​រិះគន់​មធ្យោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ក្នុងការ​ធ្វើ​អោយ​ពិបាក​ដល់​កិច្ច​ពិភាក្សា​ស្វែងរក​សន្តិភាព ដោយ​​ថា​ហានិភ័យ​នៃ​ការផ្ទុះ​សង្គ្រាមលោកលើកទីបី​«​ធ្ងន់ធ្ងរ​»​និង​ថា​«​វា​ជា​ការពិត អ្នក​មិន​អាច​មើលស្រាល​វា​បាន​ទេ​»​។​

​នៅ​ពេល​លោក​ថា កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​នឹង​បន្ត លោក​ឡាវ​រ៉ូវ​បានចោទប្រកាន់​ប្រធានា​ធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ថា​ធ្វើ​ពុត​ជា​ចង់​ចរចា តែ​«​អ្នកឯង​ស្វែងរក​ការ​ជំ​​ទាស់​រាប់ពាន់​»​។​

​អស់​ពេល​រាប់​ខែ​មក​ហើយ លោក​ហ្សេ​លេន​ស្គី បាន​និង​កំពុង​ស្នើសុំ​សព្វាវុធ​ធ្ងន់ធ្ង​ន់​ពី​សម្ពន្ធមិត្ត​លោកខាងលិច រួម​មាន​កាំភ្លើង​ធំ​និង​យន្តហោះ​ចម្បាំង ដោយ​ប្តេជ្ញា​ថា​កងកម្លាំង​របស់​លោក​នឹង​កែប្រែ​​ស្ថានការណ៍​សង្គ្រាម​នៅពេល​ទទួលបាន​សព្វាវុធ​ច្រើនឡើង​។​ការអំពាវនាវ​នេះ​ទំនង​ទទួលបាន​ផល​ដោយ​ប្រទេស​លោកខាងលិច​ជា​ច្រើន​សន្យា​ផ្តល់​អាវុធ​ចាប់ពី​អាវុធ​ទំនើប​ធុន​ស្រាល​ដល់​អាវុធ​ធុន​​ធ្ងន់ ទោះ​ជា​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ប្រឆាំង​ជំទាស់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក​ឡយ អូ​ស្ទីន បាន​ប្រាប់​អ្នកកាសែត​ក្រោយ​វិល​មក​ពី​ទីក្រុង​គៀវ​វិញ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស អ៊ែន​ថូ​នី ប្លីង​កិន​ថា «​ជំហាន​ដំបូង​ក្នុងការ​យកឈ្នះ​សង្គ្រាម​នេះ អ្នក​ត្រូវ​​មាន​ជំនឿ​ខ្លួនឯង​ថា​ឈ្នះ​។​យើង​ជឿ​ថា​អ្នកនឹង​ឈ្នះ ។​ពួកគេ​អាច​ឈ្នះ បើសិនជា​មាន​សម្ភារ​សឹក​ត្រឹមត្រូវ ការគាំទ្រ​ត្រឹមត្រូវ​»​។​

​ដំណើរ​ទស្សនកិច្ច​ដ៏​រសើប​ខ្លាំង​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​អាម៉េរិក​នេះ​ធ្វើឡើង​ចំ​ពេល​មាន​ការប្រយុទ្ធ​គ្នា​ជា​ខ្លាំង​នៅ​ភាគ​ខាងកើត​និង​ខាងត្បូង​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​និង​ការបរទេស​អាម៉េរិក​ទៅដល់​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​គាំទ្រ​ខាង​ស្មារតី​និង​សព្វាវុធ​ដល់​អ៊ុ​យក្រែន​

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាសថា អង់គ្លេស​នឹង​បញ្ជូន​អោយ​អ៊ុយ​ក្រែ​ននូ​រថពាស​ដែកដែល​អាច​បាញ់​កាំជ្រួច​ប្រឆាំង​យន្តហោះ​រុស្ស៊ី​។​ប្រភព​ព័ត៌មាន​បាន​និយាយថា ទាហាន​អ៊ុយ​​មួយចំនួន​កំពុង​ហ្វឹកហាត់​ប្រើ​រថ​ពាស​ដែល​ពិសេស​នេះ​នៅ​អង់គ្លេស​។​

​ការប្រកាស​ផ្តល់​កាំជ្រួច​ប្រឆាំង​យន្តហោះ​នេះ​កើតឡើង​ចំពេល​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បាន​អះអាង​ថា កងកម្លាំង​អាកាស​របស់​ខ្លួន​បាន​វាយប្រហារ​ទីតាំង​យោធា​អ៊ុយ​ក្រែន​ចំនួន​៨២ រួមមាន​​បញ្ជាការ​យោធា​ចំនួន​បួន និង​ឃ្លាំង​ប្រេង​ចំនួន​ពីរ ហើយ​កងទ័ព​បាន​បាញ់​កាំជ្រួច​ប្រភេទ​ចំ​គោលដៅ​ខ្ពស់​ទៅ​លើ​គោលដៅ​ចំនួន​២៧​នៅក្នុង​ការវាយប្រហារ​ចុងក្រោយ​នេះ​៕