​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ កូនឈើ​ព្រៃ​លិច​ទឹក​ចម្រុះ មាន​ដើម​រំដេញ សណ្ដាន់ រាំង​ទឹក និង ដើម​ឬ​ស្សី ប្រមាណ​ជាង​២៤.០០០​ដើម ត្រូវបាន​ក្រសួងបរិស្ថាន សហការ​ជាមួយ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង ធ្វើការ​ដាក់​ដាំ និង​ស្ដារឡើងវិញ​ដើមឈើ​ព្រៃ​លិច​ទឹក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ដែល​នៅក្នុង​តំបន់​៣ ស្ថិតនៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។

​ពិធី​នេះ​ឡើង​ក្រោម​អធិបតីភាព លោក សូ ខន​រិទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត និង លោក លោកស្រី ជា​ប្រធាន​អនុប្រធាន​មន្ទីរ និង មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជុំវិញ​ខេត្ត​ចូលរួម​ផងដែរ ។​

​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា កន្លងមកនេះ អាជ្ញាធរខេត្ត​តែងតែ​បានធ្វើ​ការសហកា​រ​ជាមួយ​ក្រសួង​នានា មន្ទីរ​ពាក់ព័ន្ធ ជុំវិញ​ខេត្ត បាន​នាំយក​កូនឈើ​ព្រៃ​លិច​ទឹក​ចម្រុះ​គ្រប់​ប្រភេទ​មក​ដាក់​ដាំ​ស្ដារឡើងវិញ​នូវ​ព្រៃ​លិច​ទឹក ក្នុង​តំបន់​៣ នៃ​ភូមិសាស្ត្រ​ស្រុក​កំពង់លែង បន្ទាប់ពី​អាជ្ញាធរខេត្ត​បានធ្វើ​ការដកហូត​ដីព្រៃ​លិច​ទឹក ដែល​រង​ការកាប់​រុករាន​ទន្ទ្រាន​បំផ្លាញ​ពី​សំណាក់​ក្រុម​ជនខិលខូច យកមក​ធ្វើជា​សម្បត្តិ​របស់​រដ្ឋ​វិញ ដែល​បេសកកម្ម​នេះ​បានធ្វើ​ឡើងជា​បន្តបន្ទាប់ និង ការពារ​ដាច់ខាត​មិនឱ្យ​មានការ​កាប់​រុករាន​នូវ​ព្រៃ​លិច​ទឹក​នេះ​សារជាថ្មី​ទៀត​នោះទេ ។

​មានប្រសាសន៍​នាឱកាស​នោះ លោក សូ​ខន​រិទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ឲ្យ​ដឹងថា ព្រៃ​លិច​ទឹក​គឺជា​កន្លែង​មួយ​ដែលជា​តំបន់​អភិរក្ស​របស់​តំបន់​ទំនាប​បឹង​ទន្លេសាប ហើយ​កន្លែង​អភិរក្ស​នេះ គឺ​គេ​អភិរក្ស​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ទាំង​នៅក្នុង​ទឹក និង​ទាំង​នៅលើ​គោក​។ ក្នុងនោះ​មច្ឆា​ជាតិ​ទាំងអស់​ដែល​រស់​នៅបាន គឺ​ពឹង​ផ្អែកទៅលើ​ព្រៃ​លិច​ទឹក​នេះ ដែល​បាន​បន្សល់​សត្វ​ជាច្រើន ហើយ​អ្វីដែល​បាន​មាន​សល់​រហូតមកដល់​សព្វថ្ងៃនេះ គឺ​បាន​ដោយសារ​ព្រៃ​លិច​ទឹក​នេះ ។ ហេតុនេះ​ការចូលរួម​ដាំ​កូនឈើ​ពី​គ្រប់​មជ្ឈដ្ឋាន​នេះ គឺជា​ការរួមចំណែក អភិរក្ស និង ការពារ​ធនធានធម្មជាតិ សម្រាប់​យើង និង​កូនចៅ​យើងទាំងអស់គ្នា ហើយ​ការដាំ​ស្តារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​នេះដែរ ក៏ គឺជា​ការរួម​គ្នា​ជួយ​ឱ្យ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប មាន​ភាព​បៃតង និង​ធានាបាន​នូវ​និរន្តរភាព​នៃ​ជីវចម្រុះ​សម្បូរបែប សម្រាប់​ជា​ជំរក​ដល់​មច្ឆជាតិ​ពង​កូន ៕​