ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ សមត្ថកិច្ច​ឆ្មក់​ចុះបង្ក្រាប​ក្លឹប​ខារ៉ាអូខេ កណ្តាល​ក្រុង​បាត់ដំបង នាំខ្លួន​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ២០​នាក់​។​

​នគរបាល​ជំនាញ​បាន​ប្រាប់​ឲ្យ​ដឹងថា​÷សំណុំ​រឿងនេះ​សមត្ថកិច្ច​ជំនាញ​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ទៅកាន់​តុលាកា​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ ចំណែកឯ​អ្នកពាក់ព័ន្ធ​ប្រយោល​ត្រូវ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា​រួច​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​។​

​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន​នេះ​ធ្វើឡើង​នៅ​យប់​ជិត​រំលង​អា​ធ្រា​ត​ថ្ងៃទី​២៤ ឈានចូល​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២២ ត្រង់ចំណុច​ក្លឹប​ខារ៉ាអូខេ​សាច់​អាំង​រតនៈ ស្ថិត​ក្មុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ប្រតិបត្តិការ​ខាងលើនេះ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​ខេត្ត បាន​ក្រសោប​នាំខ្លួន​បុរស​នារី​ទាំងអស់​ចំនួន ២១​នាក់មក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ជា​លទ្ធ​បញ្ជាក់ថា​មាន​បុរស ២​នាក់​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ក្នុងករណី​ជួញដូរ និង​រក្សាទុក​គ្រឿងញៀន ជា​មេការ​ម្នាក់ រួមទាំង​ម្ចាស់​ទីតាំង​ម្នាក់ទៀត​ផងដែរ​។​

​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា​÷ជនសង្ស័យ​មានឈ្មោះ​ទុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ជា​មេកា និង​ជា​អ្នកជួញដូរ និង​រក្សាទុក​គ្រឿងញៀន និង​ម្នាក់ទៀត​ឈ្មោះ​ជា សុខ​មុន្នី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ជា​ម្ចាស់​អ្នក​ជួល​ទីតាំង​ខារ៉ាអូខេ សាច់​អាំង​រតន​:​ខាងលើ​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​: ថ្នាំញៀន​ប្រភេទ​កេ​តា​មីន KET A MINE ចំនួន ៣​ថង់​ទម្ងន់ ២,៧៧ ក្រាម និង​ថ្នាំញៀន​ប្រភេទ​អ៊ុច​ស្តា​ស៊ី MD MA ចំនួន ៣​គ្រាប់​ទម្ងន់ ១,១១ ក្រាម ព្រមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ ម៉ាក​កាមរី​ឆ្លាម ពាក់​ស្លាក​លេខ ភ្នំពេញ ២L-២៥០១៕​