ដោយៈ​ចាន់តូ​/​ភ្នំពេញៈ យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន បាន​បុក​រថយន្ត​ឈប់​រងចាំ​ស្តុ​ប​ពីក្រោយ​ពេញ ទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា ម៉ោង ១១:៥០​យប់ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២២ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៣ ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​

​យុវជន​ដែល​ស្លាប់​ឈ្មោះ លី ហៀ​ង អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ ព្រែក​តា​ដួង ស្រុក​កោះធំ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១P-៦៩២៤ បាន​ជិះ បុក​រថយន្ត​យី​ឌុប​មួយគ្រឿង​ម៉ាក​ហី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក លេខ កំពង់ឆ្នាំង ៣A-០៧៥០ ដែល​កំពុង​ឈប់​ចាំ​ស្តុ​ប​ពីក្រោយ​ពេញទំហឹង​។ ដោយឡែក​តៃកុង រថយន្ត​បាន​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​៕​