ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League លើកទី២ នៅរាជធានីភ្នំពេញ បានចាប់ផ្ដើមហើយការដោយប្រកួតនៅលើ ទីលានបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជា ដោយមានក្រុមកីឡាករ កីឡាការិនីជាកុមារនិងយុវជនចំនួន៦០០នាក់ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF)។
ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសម្តងទៀតដល់កុមារ និងយុវជននៅទីក្រុងភ្នំពេញដើម្បីប្រកួតប្រជែង ក្នុងកម្មវិធីប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់វិលជុំដ៏ធំបង្អស់មួយ ក្នុងប្រទេសកម្ពុជា។
ការប្រកួតធ្វើឡើងដើម្បីជួយលើកកម្ពស់ការរស់នៅមានសុខភាពល្អ និងជីវិតកាន់តែប្រសើរសម្រាប់កុមារ និងយុវជនរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំ ក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកគ្រប់គ្រងកម្មវិធីកីឡា របស់អង្គការផ្កាយសមុទ្រកម្ពុជាលោក យិន សាមឌី បាននិយាយថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ផ្តល់សិទ្ធិអំណាចដល់យុវជនគ្រប់រូបនិងជាពិសេសលើកទឹកចិត្តដល់កុមារីទោះបីជាយ៉ាងនេះក្តី មនុស្សមួយចំនួននៅតែគិតថា ស្ត្រីមិនគួរលេងកីឡានោះទេ ។កីឡាការិនីជាច្រើនបានខិតខំប្រឹងប្រែងជំនះរនាំងឧបសគ្គយេនឌ័រ និងផ្នត់គំនិតមិនសមស្របក្នុងសង្គមមួយនេះ ។ ការប្រកួតវិលជុំនេះបានជួយកាត់បន្ថយ វិសមភាពយេនឌ័រ និងបង្ហាញថាស្ត្រីពិតជាអាចធ្វើបានហើយពួកគេគួរតែត្រូវបានលើកទឹកចិត្តឲ្យលេងកីឡាទៀតផង ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA ISF Youth League លើកទី២ នៅរាជធា
នីភ្នំពេញនឹងប្រព្រឹត្តទៅ រយៈពេលដប់បួនសប្តាហ៍ជាប់ៗគ្នា និងបិទការប្រកួតនៅថ្ងៃអាទិត្យ ទី៧ ខែសីហា ។ក្រុម ឈ្នះក្នុងការប្រកួតនេះនឹងត្រូវមកចូលរួមប្រកួតប្រជែង ជាមួយកីឡាករ-កីឡាការនី ចំនួន៣០០នាក់ទៀត មកពីខេត្តផ្សេងៗ ក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅឯទីលានបាល់ទាត់ អង្គការផ្កាយសមុទ្រកម្ពុជា ។
លោកបានបន្តថាដើម្បីបង្កើនលទ្ធភាពចូលរួមរបស់កីឡាករកីឡាការិនីព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA-ISF ប្រចាំឆ្នាំ២០២២ នឹងត្រូវបែងចែកជា៥ប្រកួតក្នុងខេត្តចំនួន ៤នឹងផ្តល់ឱកាសដល់កុមារ និងយុវជនជិត ២.០០០នាក់ នៅទូទាំងប្រទេសក្នុងនោះ មានកីឡាការនីមានចំនួន ៨០០នាក់ឲ្យមកចូលរួមប្រកួតប្រជែងគ្នា៖នៅថ្ងៃទី៦ ខែកុម្ភៈព្រឹត្តិការណ៍ បើកការប្រកួតលើកទីមួយ នៅរាជធានីភ្នំពេញ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។ ថ្ងៃទី១៣ខែកុម្ភៈព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងកំពត នៅទីលានបាល់ទាត់ X Sport Club ។
សម្រាប់ពេលនេះព្រឹត្តិការណ៍ប្រកួតលើកទីពីរនៅរាជធានីភ្នំពេញនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។ ថ្ងៃទី៨ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងសៀមរាប ។ថ្ងៃទី២២ ខែឧសភា ព្រឹត្តិការណ៍បើកការប្រកួត នៅខេត្តកំពង់ស្ពឺ៕