ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ឈប់កាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ តទៅ ដោយទុកឲ្យពលរដ្ឋមានសិទ្ធិសម្រេចដោយខ្លួនឯងថា ពាក់ ឬមិនពាក់។ការប្រកាសនេះបានធ្វើឡើងតាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៦ ខែមេសា ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះ នៅតែរក្សានៅក្នុងទីតាំងបិទជិតដែលមានដូចជា៖ អគារ ទីតាំងរោងភាពយន្ត សាលប្រជុំជាដើម។ការធ្វើបែបនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ទៅលើការទិញម៉ាស់ ដែលជាបន្ទុកចំណាយដ៏ធំមួយ។
សារសំឡេងបានបន្តថា បន្ទាប់ពីបងប្អូនទទួលបានសារសំឡេងនេះ បងប្អូនអាចរើសដោយខ្លួនឯង បន្តពាក់ម៉ាសតទៅទៀត ឬក៏ឈប់ពាក់ម៉ាស់នៅកន្លែងចំហរ ក្រៅពីកន្លែងបិទជិត។ កន្លែងបិទជិតសំដៅទៅលើបន្ទប់ប្រជុំដែលមានការបិទជិតដោយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះច្រើន ហើយមានការបិទជិត ដោយប្រើម៉ាស៊ីនត្រជាក់។ ប៉ុន្តែក្នុងករណីដែលមានលំហខ្យល់ចេញចូលពីខាងក្រៅអាចដោះចេញបាន នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ និងកន្លែងផ្សេងដែលមិនមានការបិទទេបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងអាចពាក់ម៉ាស់ ឬក៏មិនពាក់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ចំពោះទីតាំងមួយចំនួនដែរថា រាជរដ្ឋាភិបាលបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស ក៏ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ តែរាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់លើកទឹកចិត្តឲ្យមានការពាក់ម៉ាស នៅកន្លែងដែលមានមនុស្សកកកុញប្រមូលផ្ដុំ និងនៅទីកន្លែងដែលមានការសង្ស័យថាអាចមានករណីកូវីដនៅទីនោះ។ នេះគឺជាជម្រើសដ៏ល្អបំផុតដើម្បីចូលរួមជាមួយបងប្អូនជនរួមជាតិបន្ទាប់ពីយើងបានចាក់វ៉ាក់សាំងពេញលេញរួចមកហើយ។ សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋដកខ្លួនចេញពីការចំណាយដោយយកវ៉ាក់សាំងជំនួស ដោយការមិនពាក់ម៉ាស។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានា នូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពមិនពាក់ម៉ាស់ និងមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំអំពាវនាវសូមប្រជាពលរដ្ឋរបស់យើងទទួលយកវ៉ាក់សាំងដូសទី៣ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីការពារសុខមាលភាពខ្លួនយើង និងក្រុមគ្រួសារយើង។ យើងនឹងខិតខំចាក់វ៉ាក់សាំងដូសទី៤ឱ្យប្រជាពលរដ្ឋ និងបន្តជំរុញឲ្យបានដូសទី៥ សម្រាប់មន្ត្រីជួរមុខ ដោយមិនខ្វះវ៉ាក់សាំងចាក់នោះទេ។
សម្តេចតេជោ ក៏បានបន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើតេស្តរហ័ស ដើម្បីស្វែងរកជំងឺកូវីដ១៩ ប្រសិនបើមានករណីសង្ស័យណាមួយ និងបានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្លួនឯងទាក់ទងទៅនឹងជំងឺកូវីដ១៩ ហើយមន្ត្រីសុខាភិបាលត្រូវតាមដានការប្រែប្រួលទាំងអស់នេះ ដើម្បីយើងធ្វើវិធានការទាន់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានន្ថែមថា ជំងឺកូវីដនៅលើពិភពលោក មិនទាន់អស់នៅឡើយទេ ដែលមានករណីថ្មីៗបន្តទៀត ប្រសិនបើមានករណីថ្មី ហើយសាហាវ រាជរដ្ឋាភិបាល នឹងមានវិធានការផ្សេងៗទៀត ៕សរន
https://www.youtube.com/watch?v=xh_ZL-Z2ZTk