​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក​អេ​ឡុន ម៉ាស​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ទិញ Twitter ក្នុង​តម្លៃ​ប្រហែល ៤៤ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មេសា​ដោយ​សន្យា​​ថា​នឹង​ធ្វើឱ្យ​កាន់តែ​ធូរស្រាល​ចំពោះ​គោលនយោបាយ​មាតិកា​នៅ​លើ​វេទិកា​បណ្តាញ​សង្គម​នេះ ជា​កន្លែង​ដែល​គាត់​ផ្សព្វផ្សាយ​ចំណាប់អារម្មណ៍​របស់​គាត់ វាយប្រហារ​អ្នក​រិះគន់​និង​បញ្ចេញមតិ​លើ​​បញ្ហា​ជាច្រើន​ទៅកាន់​អ្នកគាំទ្រ​ជាង ៨៣ លាន​នាក់​របស់​គាត់​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla មាត់ដាច​រូបនេះ​បាន​និយាយថា គាត់​ចង់​ធ្វើ​ជា​ម្ចាស់​និង​ធ្វើ​ឯកជន​ភាវូបនីយកម្ម Twitter​ពីព្រោះ​គាត់​គិតថា​វា​មិន​បាន​បំពេញ​អស់​សក្តានុពល​របស់​វា​ក្នុង​​នាម​ជា​វេទិកា​សម្រាប់​ការនិយាយ​ដោយ​សេរី​នោះទេ​។​

​លោក​ម៉ា​សបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ជាមួយ Twitter ថា​គាត់​ចង់​ធ្វើឱ្យ​សេវាកម្ម​នេះ “​ប្រសើរ​ជាង​ពេលណាៗ​ទាំងអស់​” ជាមួយ​នឹង​មុខងារ​ថ្មីៗ ខណៈ​កម្ចាត់​គណនី “Spam” ដោយ​ស្វ័យប្រវត្តិ និង​ធ្វើឱ្យ​រូបមន្ត​ដោះស្រាយ​របស់ Twitter បើកចំហ​ជា​សាធារណៈ​ដើម្បី​បង្កើន​ការជឿ​ទុកចិត្ត​។​

​លោក​ម៉ា​សវ័យ ៥០ ឆ្នាំ​បាន​និយាយថា “​ការនិយាយ​ដោយ​សេរី​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​ដំណើរការ ហើយ Twitter គឺជា​ទីលាន​ឌីជីថល​ដែល​បញ្ហា​សំខាន់ៗ​សម្រាប់​អនាគត​​របស់​មនុស្សជាតិ​ត្រូវបាន​ពិភាក្សា​” ដោយ​បន្ថែម​រូប​សញ្ញា បេះដូង ផ្កាយ និង​រ៉ុក្កែត​នៅក្នុង Tweet ដើម្បី​គូសបញ្ជាក់​សេចក្តីថ្លែងការណ៍​នេះ​។​

​វិធីសាស្ត្រ​ព្រលែង​ដៃ​កាន់តែ​ច្រើន​ចំពោះ​ការសម្របសម្រួល​មាតិកា​ដែល​លោក​ម៉ាស​ស្រមៃ​ឃើញ​បានធ្វើឱ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​ព្រួយបារម្ភ​ថា​វេទិកា​នេះ​នឹង​ក្លាយជា​ជម្រក​សម្រាប់​ព័ត៌មាន​ក្លែងក្លាយ ការនិយាយ​សម្អប់ និង​ការគំរាមកំហែង ជា​អ្វី​ដែល​ខ្លួន​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដើម្បី​កាត់បន្ថយ​។ អ្នកវិភាគ​របស់ Wall Street បាន​និយាយថា ប្រសិនបើ​គាត់​ទៅ​ហួស​ឆ្ងាយ​ពេក វា​ក៏​អាចធ្វើឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម​ចាក​ចេញ​ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ពង្រឹង​ប្រហែល​ពីរ​សប្តាហ៍​បន្ទាប់ពី​មហាសេដ្ឋី​រូបនេះ​បាន​បង្ហាញ​ពី​ភាគហ៊ុន ៩​ភាគរយ​ជា​លើកដំបូង​នៅ​ក្នុង​វេទិកា​នេះ​។ លោក​ម៉ា​សបាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​គាត់​បាន​ត្រៀម​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ៤៦,៥ ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ Twitter ដោយ​ដាក់​សម្ពាធ​លើ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ដើម្បី​ចរចារ​កិច្ចព្រមព្រៀង​លក់​។​

Twitter បាន​និយាយថា​ប្រតិបត្តិការ​លក់​នេះ​ត្រូវបាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន ហើយ​ត្រូវ​គេ​រំពឹងថា​នឹង​បិទ​បញ្ចប់​នៅ​ឆ្នាំ ២០២២ ដោយ​រង់ចាំ​តែ​ការចុះហត្ថលេខា​លើ​បទ​ប្បញ្ញត្តិ​និង​ការយល់ព្រម​ពី​ម្ចាស់​ភាគហ៊ុន​៕

លោក​ម៉ាស​ទិញយក Twitter ទាំងស្រុង​កាលពី​ថ្ងៃ​ចន្ទ