ដោយ: សុខសុភ័ណ្ឌ/កំពង់ស្ពឺ: យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីម៉ូតូប៉ះជាមួយរថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:២០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងដែលបានស្លាប់ដោយសារថយន្តប៉ះម៉ូតូហើយដួលត្រូវរថយន្តកិននោះមានឈ្មោះសុខ រស្មី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិខ្នុរអំពិល ឃុំវាលពង់ ស្រុកឧដុង្ត។ បើកបរម៉ូតូមួយគ្រឿងម៉ាកអ៊ឹមស្លាស ពាក់ស្លាកលេខ ភ្នំពេញ ១IL-៨២៩៣និងអ្នករួមដំណើរឈ្មោះឈួន វិរៈ ភេទប្រុស អាយុ១៩ឆ្នាំរងរបួសធ្ងន់រស់នៅភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុខាងលើបានប៉ះជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនឹងអត្តសញ្ញាណនាក់បើកបរ បណ្តាលឱ្យម៉ូតូដួល រួចរថយន្តនោះក៏កិនជងរងគ្រោះស្លាប់តែម្តង៕