​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​បញ្ចេញ​ការវាយប្រហារ​ជាច្រើន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មេសា​ប្រឆាំងនឹង​ទីតាំង​ផ្លូវដែក និង​ប្រេងឥន្ធនៈ​ជ្រៅ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ចេញពី​សមរភូមិជួរ​មុខ​ភាគ​ខាងកើត​ថ្មី​របស់​ទីក្រុង​មូ​ស្គូ ក្នុង​គោលបំណង​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អ៊ុយ​ក្រែន​ក្នុង​ការផ្គត់ផ្គង់​កង​ទ័ព​ជួរមុខ​សម្រាប់​ការប្រយុទ្ធ​។​

​ទន្ទឹមនឹងនោះ​ដែរ សហរដ្ឋ​អាម៉េរិក​បាន​ប្រញាប់ប្រញាល់​បញ្ជូន​សព្វាវុធ​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​អ៊ុ​យក្រែន ហើយ​និយាយ​ថា ជំនួយ​ពី​សម្ពន្ធមិត្ត​លោកខាងលិច​កំពុង​ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល​ពីរ​ខែ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​កិន បានប្រកាសថា “​រុស្ស៊ី​កំពុង​បរាជ័យ​។ អ៊ុយ​ក្រែន​កំពុង​ជោគជ័យ​” ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​គាត់ និង​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​បាន​ធ្វើ​ទស្សនកិច្ច​យ៉ាង​ក្លាហាន​ទៅ​កាន់​ទីក្រុង​គៀវ​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​។​

​លោក​ប្លីង​កិន​បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​យល់ព្រម​លើ​ការលក់​គ្រាប់កាំភ្លើង​តម្លៃ ១៦៥ លាន​ដុល្លារ ដែល​ជា​អាវុធ​មិនមែន​របស់​សហរដ្ឋ​អាម៉េរិក​ដោយសារ​តែ​អ៊ុយ​ក្រែន​ប្រើ​អាវុធ​សម័យ​សូ​វៀត​ទាំងស្រុង ហើយ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ជាង ៣០០ លាន​ដុល្លារ​ដើម្បី​ទិញ​ការផ្គត់ផ្គង់​បន្ថែមទៀត​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន បាន​ធ្វើ​ការអត្ថាធិប្បាយ​បន្ថែម ដោយ​និយាយថា ខណៈ​សហរដ្ឋ​អាម៉េរិក​ចង់​ឃើញ​អ៊ុយ​ក្រែន​នៅតែ​ជា​ប្រទេស​មាន​អធិបតេយ្យភាព​និង​ប្រជាធិបតេយ្យ ខ្លួន​ក៏​ចង់ “​ឃើញ​រុស្ស៊ី​ចុះ​ខ្សោយ​ដល់​កម្រិត​ដែល​ខ្លួន​មិន​អាច​ធ្វើ​រឿង​ដូចជា​ការឈ្លានពាន​អ៊ុយ​ក្រែន​ផងដែរ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​អូ​ស្ទីន​អំពី​ការ​ធ្វើ​ឱ្យ​រុស្ស៊ី​ចុះខ្សោយ​ហាក់​តំណាងឱ្យ​គោលដៅ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​របស់​សហរដ្ឋអាម៉េរិក​។ កន្លងមក ជំហរ​របស់​អាម៉េរិក​គឺ​គោលដៅ​នៃ​ជំនួយ​យោធា​អាម៉េរិក​ដើម្បី​ជួយ​អ៊ុយ​ក្រែន​ឈ្នះ និង​ការពារ​ប្រទេស​ជិត​ខាង​ណា​តូ​របស់​អ៊ុយ​ក្រែន​ប្រឆាំងនឹង​ការគំរាមកំហែង​របស់​រុស្ស៊ី​។​

​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​និយាយថា សព្វាវុធ​ដែល​ផ្គត់ផ្គង់​ដោយ​ប្រទេស​លោកខាងលិច “​នឹង​ក្លាយជា​គោលដៅ​វាយ​ដោយ​ស្របច្បាប់​” សម្រាប់​កងកម្លាំង​រុស្ស៊ី​។ លោក​ក៏​បាន​ព្រមាន​ផងដែរ​ថា ហានិភ័យ​នៃ​ជម្លោះ​នុយក្លេអ៊ែរ “​មិនគួរ​មើលស្រាល​បានឡើយ​”​។​

​ថ្លែង​នៅក្នុង​បទសម្ភាសន៍​មួយ​នៅលើ​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី លោក​ឡាវ​រ៉ូវ​បាន​និយាយថា ការបំពាក់​អាវុធ​ដល់​អ៊ុយ​ក្រែន​គឺ​ជា​ការប៉ុនប៉​ងអូស​ទាញ​ការប្រយុទ្ធ “​រហូត​ដល់​សល់​ទាហាន​ចុងក្រោយ​” ដើម្បី​បង្ក​ការឈឺចាប់​បំផុត​លើ​រុស្ស៊ី​។​

​ទាក់ទង​នឹង​លទ្ធភាព​នៃ​ការប្រឈមមុខ​ដាក់​គ្នា​ខាង​អាវុធ​នុយក្លេអ៊ែ លោក​ឡាវ​រ៉ូវ​បាន​និយាយថា “​ខ្ញុំ​នឹង​មិន​ចង់​ឃើញ​ហានិភ័យ​ទាំងនេះ​កើនឡើង​ទាំង​មិន​ពិត​នៅ​ពេល​នេះ​ទេ នៅពេល​ដែល​ហានិភ័យ​សំខាន់​ជាង​នេះ​”​។​

​លោក​បាន​ថ្លែងថា “​គ្រោះ​ថ្នាក់​គឺ​ធ្ងន់ធ្ងរ​។ វា​ពិតជា​មិនគួរ​មើលស្រាល​ឡើយ​”៕

អ្នកស្ម័គ្រចិត្ត​កំពុង​ជួយ​ស្ត្រី​ចំណាស់​ម្នាក់​ពី​អគារ​ដែល​រង​ការវាយប្រហារ​ដោយ​រុស្ស៊ី​នៅ​ទីក្រុង​ខា​គី​វ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មេសា