ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីអាម៉េរិកបាននិយាយថា សហរដ្ឋអាម៉េរិកនឹងធ្វើជាអ្នកដឹកនាំកិច្ចប្រជុំរបស់ប្រទេសជាង ៤០នៅថ្ងៃអង្គារទី២៦មេសានេះសម្រាប់កិច្ចពិភាក្សាការពារជាតិទាក់ទងនឹងអ៊ុយក្រែនដែលនឹងផ្តោតលើការបំពាក់អាវុធដល់ទីក្រុងគៀវ ដើម្បីអោយប្រទេសនេះអាចការពារប្រឆាំងនឹងលទ្ធភាពវាយលុកទឹកផ្តាច់ព្រ័ត្ររបស់រុស្សីពីភាគខាងកើត។
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីនកំពុងរៀបចំព្រឹត្តិការណ៍នេះនៅឯមូលដ្ឋានទ័ពអាកាសរ៉ាមស្តេន (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងគៀវកន្លែងដែលលោកបានសន្យាគាំទ្របន្ថែមដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
ឧត្តមសេនីយ៍ ម៉ាក មីលលី (Mark Milley) ដែលជានាយសេនាធិការចម្រុះនៃកងទ័ពជើងគោកអាម៉េរិក បាននិយាយថាគោលដៅសំខាន់នៃកិច្ចពិភាក្សាគឺធ្វើលៃសម្រួលនិងសម្របសម្រួលជំនួយសន្តិសុខដល់ទីក្រុងគៀវ ដែលរួមមានអាវុធធុនធ្ងន់ ដូចជាកាំភ្លើងធំ ក៏ដូចជាដ្រូននិងគ្រាប់។
លោកមីលលីបានប្រាប់អ្នកយកព័ត៌មានដែលធ្វើដំណើរជាមួយគាត់ថា “ប៉ុន្មានសប្តាហ៍បន្ទាប់នឹងមានសារៈសំខាន់ខ្លាំងណាស់ ។ពួកគេត្រូវការការគាំទ្រជាបន្តបន្ទាប់ដើម្បីទទួលបានជោគជ័យនៅលើសមរភូមិ។ ហើយនោះពិតជាគោលបំណងនៃសន្និសីទនេះ”។
ត្រូវងកម្លាំងអ៊ុយក្រែនវាយរុញច្រានថយក្រោយចេញពីជាយទីក្រុងគៀវនៅភាគខាងជើង រដ្ឋាភិបាលទីក្រុងមូស្គូបានដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញទៅកាន់ភាគខាងកើតសម្រាប់ការវាយលុកជើងគោកនៅក្នុងខេត្តផ្តាច់ខ្លួនចំនួនពីរដែលគេស្គាល់ថាដុនបាស។
ក្រុមមន្ត្រីអាម៉េរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានវាយតម្លៃថា រុស្ស៊ីនឹងពឹងផ្អែកខ្លាំងលើការវាយប្រហារដោយកាំភ្លើងធំ ដោយព្យាយាមវាយលុកទីតាំងរបស់អ៊ុយក្រែនខណៈទីក្រុងមូស្គូចល័តកងកម្លាំងជើងគោកពីទិសដៅជាច្រើនដើម្បីព្យាយាមឡោមព័ទ្ធនិងបំផ្លាញផ្នែកសំខាន់នៃយោធារបស់អ៊ុយក្រែន។
ប៉ុន្តែសហរដ្ឋអាម៉េរិកក៏បានប៉ាន់ប្រមាណដែរថា អង្គភាពរុស្ស៊ីជាច្រើនបានបាត់បង់កងកម្លាំង ដោយក្រុមមន្ត្រីមួយចំនួននិយាយថា ការខាតបង់ទាហានមានរហូតដល់ទៅ ៣០ ភាគរយជាកម្រិតដែលយោធាអាម៉េរិកចាត់ទុកថាខ្ពស់ពេកមិនអាចបន្តការប្រយុទ្ធយកជ័យជម្នះបានឡើយ៕
ប្រធានាធិបតីចូ បៃដិន រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន និងឧត្តមសេនីយ៍ ម៉ាក មីលលី