ដោយៈ ស​រិ​ទ្ធ / ភ្នំពេញ​៖ ក្រុមចោរ បីនាក់ បាន​ផ្លោះ​របង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​លួច​ម៉ាស៊ីនត្រជាក់ តែ​ចំ​ថ្ងៃ​ស៊យ ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ក៏​ស្រែក​ឆោឡោ ប្តឹង​នគរបាល​ខណ្ឌ​ច្បារអំពៅ អោយ​ឃាត់ខ្លួន​បាន​ម្នាក់ ខណៈពេល ពីរ​នាក់​ទៀត បាន​រត់គេចខ្លួន ។ សកម្មភាព​បទល្មើស​នេះ កើតឡើង​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ព្រែ​កជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ថ្ងៃទី​២៥ ខែមេសា ២០២២ នា​វេលា​ម៉ោង ៧ យប់ ។​

​សមត្ថកិច្ច បានអោយដឹងថាៈ ជនរងគ្រោះ ឈ្មោះ ម៉េង សេង ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ ។ ចំណែក ជនសង្ស័យ ឈ្មោះ ជា សេង​ហ័ង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ ស្វាយ​តា​អុក សង្កាត់ វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ។​

​មុនពេល​កើតហេតុ ជនសង្ស័យ បីនាក់ ឈ្មោះ ជា សេង​ហ័ង ឈ្មោះ ពេញ វ​ណ្ណី និង ឈ្មោះ រិ​ទ្ធ បាន​ផ្លោះ​របង​ខាងក្រោយ ចូលក្នុង​ផ្ទះកើតហេតុ រួច​នាំគ្នា លួច​ដោះយក​ម៉ាស៊ីន ត្រជាក់ ១​គ្រឿង ម៉ាក Die Kim ពណ៌​ស បម្រុង​គេចខ្លួន ក៏​ត្រូវបាន​ជនរងគ្រោះ​ឃើញ ស្រែក​ចោរៗ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ជា សេង​ហ័ង រួម​នឹង​វត្ថុតាង​ម៉ាស៊ីន ត្រជាក់ ១​គ្រឿង ខាងលើ ដង្កាប់​២ ពូថៅ​១ កន្ត្រៃ​១ ទួ​ណឺ​វី​ស​១ និង​កូនសោ​៤ ប្រគល់​ឲ្យ សមត្ថកិច្ច​ប៉ុស្តិ៍​វាល​ស្បូវ ។ ចំណែក​បក្ខពួក​ជនសង្ស័យ ពីរ​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ។ ចំពោះ​ករណី ខាងលើនេះ សមត្ថកិច្ច​កំពុង​បន្ត​អនុវត្ត តាម​នីតិវិធី​ច្បាប់ ៕/V-PC