ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ម្ចាស់​ក្លិប​ខារ៉ាអូខេ សាច់​អាំង រតនៈ ជាមួយនឹង​បក្ខពួក ម្នាក់ទៀត ដោយសារ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​បញ្ជូន​សំណុំរឿង ទៅ​តុលាការ នៅ​រសៀល​ថ្ងៃនេះ​។​

​លោក​វរសេនីយ៍ឯក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថាៈ ក្រោយ​ការ​សាក សួរ​លំអិត លើ​បុរស ស្ត្រី ចំនួន ២១ នាក់ សមត្ថកិច្ច​ជំនាញ បានកំណត់​មុខ សញ្ញា​ល្មើស ចំនួន ពីរ​នាក់ បាន​ពាក់ព័ន្ធ​ផ្ទាល់ ក្នុងករណី​រក្សាទុក និង​ជួញ ដូរ​គ្រឿង ញៀន នៅក្នុង​ក្លិប​ខារ៉ាអូខេ សាច់​អាំង រតនៈ ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយនឹង​នាំខ្លួន បញ្ជូនទៅ​សាលាដំបូង​ខេត្ត បាត់ដំបង នៅ​រសៀល ថ្ងៃទី​២៦ ខែមេសា នេះ ។ ចំណែក​បុរស ស្ត្រី​ចំនួន ១៩ នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ប្រយោល ត្រូវ​នគរបាល​ជំនាញ អនុវត្ត វិធានការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់ រួច​ឲ្យ​វិលត្រឡប់ ទៅកាន់​លំនៅដ្ឋាន​វិញ​។​

​ជនសង្ស័យ​ពាក់ព័ន្ធ​ផ្ទាល់ ទាំង ពីរ​នាក់ ខាងដើម ឈ្មោះ ទុន សុភ័ក្ត្រ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ​ក្នុងភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ជា​មេការ និង​ជា​អ្នកជួញដូរ រក្សាទុក​គ្រឿងញៀន​ផ្ទាល់ និង​ម្នាក់ទៀត ឈ្មោះ ជា សុខ​មុន្នី ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​ថៅកែ ជួល​ទីតាំង​ធ្វើ​អាជីវកម្ម ខារ៉ាអូខេ ។​

​សមត្ថកិច្ច​ការិយាល័យ​ជំនាញ បាន​បន្តថាៈ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប កម្លាំងចម្រុះ ដកហូត បាន​នូវ​វត្ថុតាង រួមមាន​: ថ្នាំញៀន​ប្រភេទ​កេ​តា​មីន (KETAMINE) ចំនួន ៣ ថង់ ទម្ងន់ ២,៧៧ ក្រាម និង​ថ្នាំញៀន​ប្រភេទ អិ​ច​ស្តា​ស៊ី (MD MA) ចំនួន ៣ គ្រាប់ ទម្ងន់ ១,១១ ក្រាម ព្រមទាំង​រថយន្ត​មួយគ្រឿង​ផងដែរ ម៉ាក​តូយ៉ូតា កាមរី (​ឆ្លាម​) ពណ៌​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ ២L-២៥០១​។​

​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​បំបែកសំណុំរឿង កាលពី​ជិត​រំលងអធ្រាត្រ ថ្ងៃទី​២៤ ឈានចូល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ ត្រង់ចំណុច​ភូមិ -​ឃុំ កើតហេតុ​ខាងលើ​៕/V​-PC