​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​(KCNA)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេសា​ថា ក្នុងពេល​ដង្ហែ​ក្បួន​យោធា​បង្ហាញ​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​(ICBMs)​កាលពី​ថ្ងៃ​ចន្ទ មេ​ដឹក​​នាំ គីម ជុង​អ៊ុន​បាន​អះអាង​ថា កូរ៉េ​ខាងជើង​នឹង​ពន្លឿន​ការអភិវឌ្ឍ​ឃ្លាំង​សព្វាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​។

​ការ​ដង្ហែ​ក្បួន​យោធា​កាលពី​ថ្ងៃ​ចន្ទ​ធ្វើឡើង​ដើម្បី​ប្រារព្វ​ខួប​បង្កើត​កងកម្លាំងប្រដាប់អាវុធ​កូរ៉េខាងជើង ។​វា​កើត​ឡើង​នៅពេល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បង្កើន​ការសាកល្បង​សព្វាវុធ​និង​បង្ហាញ​អំណាច​​យោធា​ខណៈ​កិច្ចពិភាក្សា​ស្តី​ពី​ការរំសាយ​នុយក្លេអ៊ែរ​រវាង​កូរ៉េខាងជើង​ជាមួយ​អាម៉េរិក​ជាប់គាំង​និង​ការ​ជិត​ចូលកាន់​តំណែង​របស់​រដ្ឋាភិបាល​អភិ​រ​ក្ស​នៅ​កូរ៉េខាងត្បូង​។​

​លោក​គីម កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​សព្វាវុធ​នុយក្លេអ៊ែ​ររ​បស់​ប្រទេស​ជា​«​និម្មិត​រូប​មួយ​នៃ​អំណាច​ជាតិ​»​និង​ថា​កូរ៉េ​ខាងជើង​នឹង​ពង្រឹង​ហើយនឹង​អភិវឌ្ឍ​កងកម្លាំង​នុយក្លេអ៊ែរ​ក្នុង​ល្បឿន​ខ្ពស់បំផុត​​តាម​លទ្ធភាព​អាច​ធ្វើបាន​»​។​

​យោងតាម​KCNA លោក​គីម បាន​ប្រាប់​ពិធី​ថា «​កងកម្លាំង​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​យើង ត្រូវតែ​ត្រៀមខ្លួន​អនុវត្ត​បេសកកម្ម​របស់​ខ្លួន និង​ការ​រាំង​សត្រូវ​នៅពេល​ណា​មួយ​»​។​

​ក្បួនព្យុហយាត្រា​យោធា​នេះ​មាន​ការបង្ហាញ​កាំជ្រួច​ឆ្លង​ទ្វីប​ធំ​បំផុត​ICBM​របស់​កូរ៉េ​ខាងជើង ដែល​ត្រូវបាន​បាញ់​សាកល្បង​ជា​លើកដំបូង​កាលពី​ខែ​មុន ។​សូមបញ្ជាក់​ថា​កូរ៉េ​ខាងជើង​បាន​សាកល្បង​សព្វាវុធ​​ជាង​ដប់​លើក រួម​ទាំង​ការបាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​។​

​មន្ត្រី​អាម៉េរិក​និង​កូរ៉េខាងត្បូង រួម​ទាំង​អ្នកវិភាគ​បាន​ព្រមាន​ថា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​អាច​នឹង​បន្ត​ធ្វើ​ការសាកល្បង​សព្វាវុធ​នុយក្លេអ៊ែរ​ក្នុងពេល​ឆាប់ៗ​និង​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​ដោយសារ​តែ​រូបភាព​ផ្កាយរណប​បង្ហាញ​សកម្មភាព​នៅ​រូង​ក្រោម​ដី​នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ ពុង​គ្យេ​-​រី ៕

​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​បាន​អះអាង​ថា កូរ៉េ​ខាងជើង​នឹង​ពន្លឿន​ការអភិវឌ្ឍ​ឃ្លាំង​សព្វាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​

កូរ៉េខាងជើងនៅមិនទាន់ផ្សាយរូបភាពស្តីពីការដង្ហែក្បួនយោធារួមទាំងកាំជ្រួចផ្លោងឆ្លងទ្វីបកាលពីថ្ងៃចន្ទទី២៥មេសានៅឡើយទេ។ក្នុងរូប កាំជ្រួចឆ្លងទ្វីបមួយត្រូវបានកូរ៉េខាងជើងយកមកដង្ហែក្បួនកាលពីឆ្នាំ២០២០