ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ គេ​រំពឹង​មានការ​ប៉ះគ្នា​ដ៏​តឹងតែង​បំផុត​នៅពេល​ដែល​មេឃ​ខៀវ Manchester City និង​ស្តេច​ស Real Madrid ជួប​គ្នា​ក្នុង​ជើង​ទីមួយ​នៃ Champions League ២០២១/២២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​អង្គារ​នេះ​។​

– Manchester City មាន​បំណង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ជាប់ៗ​គ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។​
– Real Madrid បាន​ទទួល​ជ័យជម្នះ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចំនួន​បី​លើក​ជាប់ៗ​គ្នា មុនពេល Chelsea បំបែក​កំណត់ត្រា​នេះ​កាលពី​រដូវ​កាល​មុន​។​
– ការី​ម បិ​ន​ហ្សេ​ម៉ា ដែល​រកបាន ១២ គ្រាប់​ត្រូវការ​មួយ​គ្រាប់​ទៀត​ដើម្បី​តាម​ស្មើ​គ្រាប់​បាល់​របស់ រ៉ូបឺត ឡេ​វ៉ាន់ដូ​វស្គី ក្នុងនាម​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ការប្រកួត UCL នៅ​រដូវ​កាល​នេះ​។​

City បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ការ​ដណ្តើម​ពានរង្វាន់ EPL ដ៏​តឹងតែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ដោយ​សល់​តែ ៥ ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល ពួកគេ​ត្រូវ​ប្រជែង​ពាន​ជាមួយ​គូប្រជែង Liverpool ហើយ​ឥឡូវនេះ​វា​បានប្រែក្លាយ​ទៅជា​រឿង​មោទនភាព​សម្រាប់​ក្រុម​ទាំង​ពីរ​។​

​ហើយ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ក្រុម​ទាំង​ពីរ​បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ដូច​គ្នា​ផង​ដែរ​។ ទោះ​យ៉ាងណា​គេ​ក៏​ត្រូវ​និយាយ​ដែរ​ថា មេឃ​ខៀវ​ចាប់​គូ​ប៉ះ​ក្រុម​ពិបាក​ជាង Liverpool ។​

​មេឃ​ខៀវ​ត្រូវ​ប៉ះ​ក្រុម​ស្តេច​ស ដែល​ត្រូវការ​១​ពិន្ទុ​ទៀត​នឹង​លើក​ពាន La Liga​។​

​លើសពីនេះទៅទៀត ពួកគេ​ក៏​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ផងដែរ ហើយ​ខ្សែប្រយុទ្ធ ការី​ម បិ​ន​ហ្សេ​ម៉ា បច្ចុប្បន្ន​គឺជា​បេក្ខជន​នាំមុខគេ​ក្នុង​ការលើក​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ​។​

​ដូច្នេះ​វា​លើស​ពី​គ្រប់គ្រាន់​ក្នុងការ​និយាយថា​នឹង​មាន​ការប្រកួត​ដ៏​សាហាវ​នៅ​ថ្ងៃ​អង្គារ​នេះ​រវាង​ក្រុម​ទាំងពីរ​។ ជាងនេះទៅទៀត នេះ​គឺជា​ការប្រកួត​សងសឹក​សម្រាប់​ក្រុមអេ​ស្ប៉ាញ ខណៈ​ពួកគេ​ត្រូវ​បាន​ទម្លាក់​ក្នុង​វគ្គ​១/៤​ដោយ​ក្រុម​មេឃ​ខៀវ​នៅក្នុង UCL កាលពី​ពីរ​ឆ្នាំមុន​។​

​ដូច្នេះ​គេ​រំពឹង​មាន​គ្រាប់​បាល់​នៅ​សំណាញ់​ទី​ទាំងសងខាង​។ ប៉ុន្តែ​ទោះ​យ៉ាងណា កូន​ក្រុម​ដែល​បង្វឹក​ដោយ​លោក ប៉េប ហ្គាឌី​អូ​ឡា មានប្រៀប​ជាង​។ ពួក​គេ​លេង​នៅផ្ទះ​ខ្លួនឯង ហើយ​ពួកគេ​បាន​ស្ថិតក្នុង​ទម្រង់​ដ៏​អស្ចារ្យ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

– ជួប​គ្នា​ចុងក្រោយ​បំផុត​គឺ​កូនក្រុម​លោក​ប៉េប​ឈ្នះ ២-១​។​
– City ឈ្នះ​៣​ដង​ជាប់ៗ​គ្នា​ក្នុង EPL ហើយ​ស៊ុត​ចូល​សរុប ៨ គ្រាប់​។​
– Real Madrid ឈ្នះ Man City លើក​ចុងក្រោយ​បំផុត​គឺ​កាលពី ៦ ឆ្នាំមុន​។​
– City ស៊ុត​ចូល ៨០ គ្រាប់​ក្នុង ៣៣ ប្រកួត​នៅ EPL​។​
– City ចាញ់​៣​ដង​គត់​ក្នុង EPL រហូតមកទល់​ពេលនេះ​។​
– Real ក៏​ចាញ់​តែ ៣ ដង​ដែរ​ក្នុង LaLiga រដូវ​កាល​នេះ​។​
– ក្រុម​ទាំង​ពីរ​ស៊ុត​ចូល​ច្រើន​ជាង​គេ​បំផុត​ដូច​គ្នា​នៅ​លី​ករៀងៗ​ខ្លួន​។​

City ឈ្នះ ១-០ សរុប​ទាំង​២​ជើង​លើ Atl. Madrid នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ UCL ។ City ចាញ់​ម្តងគត់​ក្នុង​ទឹកដី​គិត​តាំងពី​ខែ​តុលា ហើយ​១០​ប្រកួត​ចុងក្រោយ​ក្នុងផ្ទះ​គឺ​ឈ្នះ​ទាំងអស់​។

Real បាន​ទម្លាក់​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Chelsea នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។ ពួកគេ​ក៏​លេង​ល្អ​ខ្លាំង​នៅ LaLiga ផងដែរ ហើយ​អ្វី​ដែល​សំខាន់​គឺបិន​ហ្សេ​ម៉ាកំពុង​ឡើងជើង ស៊ុត​ចូល​សឹង​រាល់​ប្រកួត​។

Real ឈ្នះ​ក្រៅ​ទឹកដី ៦ លើ​ក​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ តែ​ទោះ​យ៉ាងណា City មានប្រៀប​ក្នុងនាម​ម្ចាស់ផ្ទះ​។

​លទ្ធផល​ព្យាករណ៍ Man City ឈ្នះ ២-១៕

City រំពឹង​បន្ត​ទម្រង់​លេង​ល្អ​ពេល​ប៉ះ Real យប់​នេះ​