ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៥ មេសា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា បានបង្ហាញពីបញ្ជីឈ្មោះបឋម នៃក្រុមបាល់ទាត់ជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំ សម្រាប់ចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមហើយ ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវបានចាប់ឆ្នោត ស្ថិតនៅក្នុងពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូល ជាមួយក្រុមខ្លាំង U-23 ថៃ, U-23 ម៉ាឡេស៊ី, U-23 សិង្ហបុរី និង U-23 ឡាវ ។
បញ្ជីឈ្មោះដែលមានកីឡាករ សរុប ២៦ នាក់ មកពី ១០ ក្លិប នៃពានរង្វាន់លីគកំពូល និងលីគទី២ កម្ពុជា ពោលគឺ មកពីក្លិបបឹងកេត ៥នាក់, ណាហ្គាវើលដ៍ ៣នាក់, វិសាខា ៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ភ្នំពេញក្រោន ៣នាក់, ព្រៃវែង ៤នាក់, អង្គរថាយហ្គឺរ ២នាក់, កងយោធពលខេមរភូមិន្ទ ១នាក់, អគ្គិសនីកម្ពុជា ១នាក់ និងគីរីវង់សុខសែនជ័យ ១នាក់។
កីឡាករទាំង ២៦ នាក់នេះ នឹងហ្វឹកហាត់ មុននឹងជម្រុះមកទុក នៅត្រឹមចំនួន ២០ នាក់ចុងក្រោយ ដើម្បីចេញទៅស៊ីហ្គេម នៅប្រទេសវៀតណាម។
លោក ភា សុភ័ក្ត្រា គ្រូជំនួយនៃក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ បាននិយាយឲ្យដឹងថាៈ កីឡាករទាំង ២៦ នាក់នេះ នឹងចាប់ផ្ដើមហ្វឹកហាត់ ពីថ្ងៃទី២៦ ខែមេសា នេះតទៅ បន្ទាប់មក ទើបជម្រុះមកនៅត្រឹម ២០ នាក់ចុងក្រោយ នៅ១ថ្ងៃ មុនចាកចេញទៅ ប្រទេសវៀតណាម ដែលគ្រោងនៅចន្លោះថ្ងៃទី០៣ ឬទី០៤ ខែឧសភា ឆ្នាំ២០២២។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ នឹងបើកឆាកប្រកួត នៅថ្ងៃទី៩ ខែឧសភា ដោយត្រូវជួប U-23 ឡាវ (ម៉ោង ៤ រសៀល) បន្ទាប់មក នៅថ្ងៃទី១១ ជួប U-23 សិង្ហបុរី (ម៉ោង ៤ រសៀល) បន្ទាប់មកទៀត នៅថ្ងៃទី១៤ ត្រូវប៉ះ U-23 ថៃ (ម៉ោង ៧ ល្ងាច) និងប្រកួតចុងក្រោយ ជួប U-23 ម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (ម៉ោង ៤ រសៀល)៕/V