ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ លោកស្រី យិច ឈាណាវី កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នេះ បានបើកសវនាការ កាត់ទោស បុរសជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងជំនួញគ្រឿងញៀន ខុសច្បាប់ ហើយបាន កំណត់យកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ដើម្បីប្រកាសសាលក្រម ។
ជនជាប់ចោទ ដែលតុលាការកម្ពុជា កាត់ទោសនេះ ឈ្មោះ Chen xin zhuang ភេទប្រុស អាយុ ៣៣ ឆ្នាំ មានស្រុកកំណើត នៅប្រទេសចិន ជាម្ចាស់ខុនដូ ជួលមួយ កន្លែង មានទីតាំងស្ថិតនៅ ផ្លូវលេខ៩៥ ក្នុងសង្លាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។
តាមអំណានរបស់ លោកស្រី ចៅក្រម យិច ឈាណាវី លោក Chen xin zhuang ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ « ជួញដូរ បទសម្រួលអោយប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន បទរក្សាទុក កាន់កាប់អាវុធ គ្មានច្បាប់អនុញាត បទបំពានវិធានការរដ្ឋបាល ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ »។
ប្រឈមមុខការចោទប្រកាន់ ទាំងជនជាប់ចោទ បានបដិសេធ ចំពោះការរកឃើញ គ្រឿងញៀន និងកាំភ្លើង នៅក្នុងខុនដូរបស់គេ ពីសំណាក់សមត្ថកិច្ចកម្ពុជា ប៉ុន្តែបានទទួល ស្គាល់ ការបំពានលើបំរាមវិធានការរដ្ឋបាល ។
លោក Chen xin zhuang បានសារភាពថាៈ ខ្លួនបានជួលខុនដូ មួយកន្លែង នៅជាន់ទី៧ ទី៨ និងទី៩ ដើម្បីបើកខារាអូខេ នៅជាន់ទី៧ បើកកន្លែងទទួលភ្ញៀវផឹកតែ នៅជាន់ទី៨ និងបើកកន្លែងវាយកូនហ្គោល នៅជាន់ទី៩ ក្នុងតម្លៃ ១ខែ ១៣.០០០ ដុល្លារ។ លុះដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវបានសមត្ថកិច្ចកម្ពុជា ចុះទៅចាប់ខ្លួន ខណៈពេលគេ បានកំពុងរៀបចំខួបកំណើត អោយមិត្តភ័ក្រ នៅជាន់ទី៧ ។
នៅក្នុងសវនាការ ជនជាប់ចោទ បានសារភាពថាៈ ខ្លួនបានទៅទិញគ្រឿងញៀន នៅខាងក្រោយវាំង ដើម្បីទុកប្រើប្រាស់ខ្លួនឯង និងបានទិញកាំភ្លើងខ្លី មួយដើម ពីបុរសម្នាក់ ក្នុងតម្លៃ ៥០០ ដុល្លារ មកទុកក្នុងទូដែក ប៉ុន្តែសូមបដិសេធ ចំពោះគ្រឿងញៀន មួយចំនួនទៀត ដែលសមត្ថកិច្ច រកឃើញនៅក្នុងខុនដូនោះ ព្រោះខ្លួនគេ បានជួលបន្ទប់ ខារ៉ាអូខេ ឱ្យអ្នកផ្សេង ធ្វើអាជីវកម្ម ។
លោកស្រី សុង ឆវ័ន្ត ជាតំណាងអយ្យការ បានបញ្ជាក់ថាៈ ជនជាប់ចោទ មិនមានភស្តុតាង ផ្ទុយ ដើម្បីបង្ហាញពីភាពសុច្ចរិតទេ និងស្នើឱ្យក្រុមប្រឹក្សាតុលាការ សម្រេចតាមច្បាប់ ។
លោកស្រី ចៅក្រម យិច ឈាណាវី បានកំណត់យកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ ដើម្បីប្រកាសសាលក្រម៕/V