ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សា និងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោសលើជនជាប់ចោទ ជាបុរស ជនជាតិរុស្ស៊ី ពីរនាក់ ដាក់គុកម្នាក់ ៣០ ឆ្នាំ និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ ដាក់គុក ២៥ ឆ្នាំ រឿងផលិត ដឹកជញ្ជូន ជួញដូរគ្រឿងញៀន ជាង ២០ គីឡូក្រាម ។
ជនជាប់ចោទ ជាបុរសជនជាតិ រុស្ស៊ី ពីរនាក់នោះ ១.ឈ្មោះ EVGENY KARAS អាយុ ៣២ ឆ្នាំ និង ២.ឈ្មោះ DMITRIY KARAS អាយុ ៣០ ឆ្នាំ បានត្រូវតុលាការ សម្រេចដាក់ពន្ធនាគារ ម្នាក់ៗ ៣០ ឆ្នាំ ពិន័យជាប្រាក់បង់ចូលថវិការដ្ឋ ម្នាក់ៗ ចំនួន ៦០ លានរៀល និងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះ BONDARBNKO KARYNA អាយុ ២១ ឆ្នាំ បានត្រូវតុលាការ សម្រេចដាក់ពន្ធនាគារ ចំនួន ២៥ ឆ្នាំ ពិន័យជាប្រាក់ ចំនួន ៤០ លានរៀល បង់ចូលថវិការដ្ឋ ។
ជនជាប់ចោទទាំងបីនាក់ បានត្រូវចោទប្រកាន់ ពីបទ ផលិត ដឹកជញ្ជូន និងជួញដូរដោយ ខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ តាមមាត្រា៤៧ មាត្រា៤២ និងមាត្រា៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបករណី ផលិត ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ទ្រង់ទ្រាយធំ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (កញ្ចប់បញ្ញើ មានលាក់បង្កប់សារធាតុញៀន ផ្ញើចេញពីក្រុមហ៊ុន ឌីអេចអិល កម្ពុជា ទៅប្រទេសអង់គ្លេស និង ក្រិច៕/V