ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ បានមានប្រសាសន៍ថាៈ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវខិតខំ ជំរុញដល់កិច្ចការងារ ក្នុងការកំណត់ ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួនិង អាងទឹកក្នុងខេត្ត ទៅតាម ជំហាននីមួយៗ ដើម្បីឈានទៅសម្រេចលទ្ធផល និងធ្វើការស្តារ ផ្លូវទឹកឡើងវិញ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោក បានអញ្ជើញជា អធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង នៅសាលប្រជុំនន្ទី អគារ (ខ) សាលាខេត្តស្វាយរៀង។
លោក ម៉ែន វិបុល ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ក្នុងខេត្តស្វាយរៀង ទាំងអស់ នារយៈពេល កន្លងមក បានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសើរ សម្រេចបាននូវ លទ្ធផលល្អជាច្រើន ទាំងការងារ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេស ការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២ កន្លងទៅ និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
១.ត្រូវបន្តយកចិត្តទុកដាក់ លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព នៅក្នុងខេត្តឲ្យបានល្អប្រសើរ ។
២.មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសុខាភិបាលខេត្ត ត្រូវសហការជំរុញ ដល់សិស្សានុសិស្ស តាមសាលារៀនទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំង ដូសទី៣ ឱ្យបានគ្រប់ៗគ្នា។
៣.អាជ្ញាធរក្រុង ស្រុក ត្រូវធ្វើផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ឱ្យទៅទទួលការ ចាក់វ៉ាក់ សាំង ដូសជម្រុញ ដូសទី៣ ឬដូសទី៤ ស្របតាមការកំណត់របស់ ក្រសួងសុខាភិបាល។
៤.គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀម លក្ខណៈ ក្នុងការជួយសង្គ្រោះដល់ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ឫគ្រោះថ្នាក់សង្គម ផ្សេងៗ ដែលកើតមានឡើង និងបន្តផ្សព្វផ្សាយទៅដល់ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន អំពីបញ្ហាគ្រោះអគ្គិភ័យ ដែលបង្ករឡើង ដោយ ភ្លើងអគ្គិសនី ភ្លើងទាន ធូប … ។ល។
៥.អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តការបង្ក្រាបបទល្មើសគ្រឿងញៀន ដូចជា ការជួញដូរ និងចែកចាយជាដើម។
៦.កម្លាំងមានសមត្ថកិច្ច ជាពិសេសគោលដៅចរាចរណ៍ផ្លូវគោក ត្រូវធ្វើការ រឹតបន្តឹង និងត្រួតពិនិត្យ រកសាធាតុញៀន ទៅលើអ្នកបើបររថយន្តធុនធំ គ្រប់ប្រភេទ៕/V-PC