ដោយៈ គ្រី សម្បត្តិ / ពោធិ៍សាត់ៈ លោក សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃឈើ ដែលដាំស្តារឡើងវិញ ក្នុងតំបន់ព្រៃលិចទឹក ក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីជាប្រយោជន៍ ទៅថ្ងៃអនាគត ។
ការលើកឡើងបែបនេះ ក្នុងឱកាសលោក បានអញ្ជើញជាអធិបតី ក្នុងពិធីដាំ ស្តារឡើងវិញ នូវព្រៃលិចទឹក ក្នុងតំបន់៣ តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការ ចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងគណៈ អភិបាល ខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ធ និងសិស្សានុសិស្ស ជាច្រើននាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។
លោក សូ ខនឬទ្ធិគុណ បានគូសបញ្ជាក់ថាៈ ការដាំស្តារឡើងវិញ ដើមឈើ ក្នុងតំបន់ព្រៃ លិចទឹក ក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប គឺជាការបំផុសគំនិត ប្រជាពលរដ្ធ គ្រប់រូប បញ្ឍប់ការកាប់ទន្ទ្រានដី ដោយខុសច្បាប់ ចូលរួមថែ រក្សាព្រៃឈើ ឱ្យបានគង់វង្ស ដែលជាប្រយោជន៍ ដល់ក្មេងៗជំនាន់ក្រោយ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ រក្សាបាននូវសម្បត្តិធនធានធម្មជាតិ ពិសេសផ្តល់ជាជម្រកដល់ជីវៈចម្រុះគ្រប់ប្រភេទ ។
ជាមួយគ្នានេះ លោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានឱ្យដឹងថាៈ ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាល ខេត្តពោធិ៍សាត់ បានចូលរួមការពារ និងអភិរក្សព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីធ្វើឱ្យមានជីវៈចម្រុះ សម្បូរបែប លើកស្ទួយជីវភាពសហគមន៍ឲ្យរុងរឿង និងចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ។
សូមបញ្ជាក់ថា ការដាំស្តារឡើងវិញ នូវព្រៃលិចទឹក ក្នុងតំបន់៣ តំបន់បឹង ទន្លេសាប ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃនេះ បានរៀបចំឡើង លើផ្ទៃដី ៥០ ហិកតា និងបានដាំកូនឈើ ចំនួន ២ ម៉ឺនដើម រួមមានៈ រាំងទឹកចំនួន ១២.០០០ ដើម សណ្តាន់ ចំនួន ៤.០០០ ដើម ម្តេញ ៣.៥០០ ដើម និងឫស្សីចំនួន ៥០០ ដើម ៕/V-PC