ភ្នំពេញ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា​ការវិនិយោគ​របស់​ប្រទេស​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​ពិតជា បាន​ជួយ ដល់​សេដ្ឋកិច្ច និង​នាំមក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ​។​

​ការ​ថ្លែង​របស់លោក រដ្ឋមន្ត្រី ក្រសួង​ការងារ បែបនេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា ការងារ​ជាមួយ លោក ហ្វី​មី​អាគី តាកាហាស៊ី ( Fumiaki Takahashi) ប្រធាន​សមាគម​ជប៉ុន​កម្ពុជា​(JC A) និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា (២០០៣-២០០៧) និង​លោក កា​តូ កា​ស៊ូ​ណូរី (KATO Kazunori )​ជានា​យក ប្រតិបត្តិ​សមាគម នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២២ នេះ​។​

​លោក អ៊ិត សំហេង​សង្ឃឹម​ជឿជាក់ថា​ការបំពេញ​ទស្សនកិច្ច​របស់​គណៈ ប្រតិភូ​ដែលជា​អ្នកវិនិយោគ​ជប៉ុន​នៅលើ​ទឹកដី​កម្ពុជា ពិតជា​នាំមក​នូវ​ការ​ពូន ជ្រុំ​សាមគ្គីភាព រវាង​ប្រជាជន និង​ប្រជាជន​របស់​យើង​កាន់តែ​រីកចម្រើន បន្តទៀត​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែមថា នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ប្រទេស​ជប៉ុន តាមរយៈ​ជំនួប​កំពូល របស់​ថ្នាក់ដឹកនាំ កាន់តែ​ពង្រឹងពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់ ប្រទេស​យើង​ទាំងពីរ​។

​លោក រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ខាង​ភាគី​ជប៉ុន ទទួល​កម្មសិក្សាការី ក៏ដូចជា​ពលករ ជំនាញ​របស់​កម្ពុជា បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ឲ្យ​កាន់តែច្រើន ពីព្រោះ នៅពេលដែល​ពួកគេ​វិលត្រឡប់​មកកាន់​មាតុភូមិ​កំណើត​វិញ ទទួលបាន​ចំណេះ ជំនាញ សម្រាប់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន រឺក៏​ក្លាយជា​អ្នកគ្រប់គ្រង​នៅក្នុង ក្រុមហ៊ុន សហគ្រាស​របស់​ជប៉ុន​ដែលមាន​វត្ត​មាននៅ​កម្ពុជា​។​

​លើ​វិស័យ​ការងារ​វិញ​ត្រូវបាន លោក អ៊ិត សំហេង អះអាងថា កម្ពុ​ជាមាន​កិច្ច សហប្រតិបត្តិ​សម្រាប់​កម្មសិក្សាការី និង​ពលករ​ជំនាញ ចេញទៅ​ធ្វើការ​នៅ​ជប៉ុន និង​ដោយសារ​ទីផ្សារ​នៅ​ជប៉ុន ផ្តល់នូវ​ប្រាក់​កម្លាំង​ពលកម្ម​ខ្ពស់ ដែល​អាច ទាក់ទាញ​ពលករ​ពី​ក្រៅប្រទេស​នានា​។ ម្យ៉ាងទៀត ពលករ​ដែល​បាន​បម្រើការ នៅ​ទីនោះ ទទួលបាន​នូវ​ការ​អាណិត​ស្រលាញ់​រាប់អាន ពី​អ្នក​រួម​ការងារ និង​ថៅកែ​របស់​ពួកគេ​ផងដែរ​។

​លោក ហ្វី​មី​អាគី តាកាហាស៊ី បានបញ្ជាក់ ថា នៅក្នុង​ឆ្នាំ​២០១៩ ខាង​សមាគម របស់លោក​ក៏​ធ្លាប់បាន​ដឹកនាំ​អ្នកវិនិយោគ​ជប៉ុន មក​សិក្សា​ស្វែងយល់​ពី​បរិ​យា កាស វិនិយោគ​នៅ​កម្ពុជា​ម្តង​ហើយ​ដែរ ប៉ុន្តែ​ដោយសារ​តែមាន​បញ្ហា​កូ​វីដ​-១៩ ធ្វើ​ឲ្យ​រំខាន​នូវ​ដំណើរការ​ចង្វាក់​ផលិតកម្ម និង​វិនិយោគ ទើប​ខាង​សមាគម ខកខាន​មិន​បានមក​កាន់​កម្ពុជា​។

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក​រដ្ឋមន្ត្រី កត់សម្គាល់​ឃើញថា អ្នកវិនិយោគ ជប៉ុន​មក​កម្ពុជា​មានការ​កើនឡើង មាន​ច្រើន​ផ្នែក ដូចជា​កសិកម្ម ឧស្សាហកម្ម ធនាគារ សេវាកម្ម សំណង់ អចលនទ្រព្យ ផ្សារ​ទំនើប​ជាដើម​។ ការវិនិយោគ របស់​ជប៉ុន បានរួម​ចំណែក​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ប្រព័ន្ធ​បច្ចេកវិទ្យា ទំនើប ទាន់សម័យ​។ មកដល់​បច្ចុប្បន្ន បរិយាកាស និង​ឱកាស​វិនិយោគ​នៅ កម្ពុ​ជាមាន​ភាពល្អប្រសើ​រ ដោយសារ​កម្ពុ​ជាមាន​ស​ម​ត្ថ​ភាព​អាច​គ្រប់គ្រង​បាន​នូវ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន​ជួយ មក​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល ដោយ​ផ្តល់នូវ​ជំនួយ​វ៉ាក់សាំង​មកដល់ ពលរដ្ឋ​កម្ពុជា ព្រមទាំង​វិស័យ​ជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន ជួយ​ដល់​កម្ពុជា​នាពេល​កន្លងមក​។ ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ទៅកាន់ អ្នកវិនិយោគ​ជប៉ុន​ថា កម្ពុជា​បានរៀបចំ​នូវ​ច្បាប់​វិនិយោគ​ថ្មី ដើម្បី​ជួយ​សម្រួល​ដល់​បរិយាយ​កាស​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕​/PC